ថ្ងៃនេះ! កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ទៀត តែក៏មានអ្នកជាសះស្បើយម្នាក់ដែរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួនម្នាក់ ជាករណីនាំចូលលើបុរសជនជាតិបារាំង ខណៈមានអ្នកព្យាបាលជាសះស្បើយម្នាក់ផងដែរ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិបារាំង ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ ក្នុងជើងហោះហើរដែលរកឃើញបុរសជនជាតិបារាំងមានកូវីដ១៩នោះ មានអ្នកដំណើរសរុបចំនួន៨១នាក់។
ដោយឡែកសម្រាប់អ្នកជំងឺម្នាក់ជាសះស្បើយ គឺជាបុរសជនជាតិចិនអាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៦នាក់ (ស្រី៥៤នាក់ និងបុរស ២១២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៨នាក់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។