ឯកឧត្តម ស៊ុន ចាន់ថុល ជិះកង់ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ស្រុកកោះធំ

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូជិះកង់ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់កុង និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីស្វែងយល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលពិភពលោករួមទាំងកម្ពុជាផងដែរ កំពុងទទួលរងគ្រោះពីការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដោយហេតុថាជំងឺនេះជាជំងឺដ៏កាចសាហាវ និងអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងឆាប់រហ័ស។
ជាមួយគ្នា ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកក្រមា ម៉ាស់ ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៦០គ្រួសារ នៅភូមិទាំង២៤ ក្នុងឃុំកំពង់កុង និងឃុំលើកដែក ឋិតក្នុងស្រុកកោះធំ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។