សូមប្រុងប្រយ័ត្ន! ទីតាំងភ្នាក់ងារទិញលក់ដីឡូតិ៍មួយកន្លែង ត្រូវនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាប
ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបទីតាំងភ្នាក់ងារទិញលក់ដីឡូតិ៍ និងអចលនទ្រព្យមួយកន្លែង ក្នុងសង្កាត់កាកប២ ខណ្ឌពោធិ៍សែនជ័យ ករណីរំលោភកម្មសិទ្ធិបញ្ញា និងគ្មានច្បាប់អនុញ្ញាត ក្លែងបន្លំឈ្មោះក្រុមហ៊ុនដទៃយកមកប្រើប្រាស់។
ការចុះបង្ក្រាបទីតាំងខាងលើ ធ្វើឡើងតាមពាក្យបណ្ដឹងមេធាវីរបស់ក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបមិន ឯ.ក (Phnom Penh Land Development Co.,Ltd) ដែលជាក្រុមហ៊ុនស្របច្បាប់ មានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ដែលបានប្ដឹងទៅលើក្រុមហ៊ុន ភ្នំពេញ លែន ឯ.ក (Phnom Penh Land Co., LTD)។
ក្រុមហ៊ុននេះ មិនមានការចុះបញ្ជីត្រឹមត្រូវ ហើយបានក្លែងបន្លំយកតាមឈ្មោះ ភ្នំពេញ លែន ឌីវេឡុបមិន (ដើមបណ្ដឹង) ទាំងគ្មានការអនុញ្ញាត ដោយបទល្មើសរំលោភកម្មសិទ្ធិបញ្ញា និងគ្មានច្បាប់អនុញ្ញាត។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីច្បាប់លើករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារអ្នកប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ និងផ្តន្ទាទោស ឬផាកពិន័យចំពោះជនដែលប្រព្រឹត្តផ្ទុយពីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។