ករណី​ជំងឺ​គ្រុន​ផ្តាសាយធំ កើត​ឡើងលើ​អ្នកជាប់​ក្នុង​មណ្ឌល​ឃុំឃាំង ក្នុង​ពន្ធ​គារ​ខេត្តព្រះវិហារ​

​ភ្នំពេញ​៖ កាលពី​ព្រឹក​វេលា​ម៉ោង​០៧ និង​១៥​នាទី​ព្រឹក ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានទទួល​ព័ត៌មាន​អំពី មាន​ហេតុការណ៍​ករណី​សង្ស័យ​ជំងឺ​គ្រុន​ផ្ដាសាយធំ ជាច្រើន​នាក់ បានកើត​ឡើងលើ​ក្រុម​អ្នក​កំពុង​ជាប់​ក្នុង​មណ្ឌល​ឃុំឃាំង នៃ​ពន្ធ​ធនាគារ​ខេត្តព្រះវិហារ​។ ភ្លាមៗ​នោះ ក្រោយពី​ការចុះ​ស្រាវជ្រាវ និង​ពិនិត្យ​ស្ថានភាព​ជំងឺ ដោយ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ និង​ក្រុមគ្រូពេទ្យ​ពិនិត្យ​ព្យាបាល​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ តាម​លក្ខណៈ​បច្ចេកទេស អ្នកជំងឺ និង​អ្នក​សង្ស័យថា ឆ្លង​ជំងឺ ត្រូវបានធ្វើ​ការបែងចែក​ចេញ ដូចខាងក្រោម​៖


១. អ្នកជំងឺ​ចំនួន ១៤៧​នាក់ (​ស្ត្រី ១៩​នាក់​) ដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក ផ្តល់​ការព្យាបាល និង​បាន​យក​វត្ថុ​សំណាក ដើម្បី​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩
២. អ្នក​សង្ស័យ​ឆ្លង​ជំងឺ​ផ្តាសាយធំ​ចំនួន ១១​នាក់ ត្រូវបាន​ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់ដោយឡែក​ផ្សេង​មួយទៀត
៣. អ្នក​ដែល​មិន​សង្ស័យ​ឆ្លង​ជំងឺ​ចំនួន ៣២៦​នាក់ (​ស្ត្រី ២០​នាក់​) ត្រូវ​បានដាក់​ក្នុង​បន្ទប់​ដាច់​ដេ​ា​យ​ឡែក​ផ្សេងៗ​គ្នា​។​

​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០​នេះ លទ្ធផល​វិភាគ​វត្ថុ​សំណាក​ទទួលបាន​ពី​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណ​: បាន​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់គ្នា ដូច្នេះ​មិនមែនជា​ករណី​ជំងឺ​កូ​វីដ​-១៩ នោះទេ ហើយ​លទ្ធផល​វិភាគ​មន្ទីរ​ពិសោធ​ន៌ ក៏បាន​បញ្ជាក់ដែរថា ជា​ករណី​ជំងឺ​ផ្តាសាយធំ (Influenza A) ដែលជា​ជំងឺ​អាច​ឆ្លង​បន្ត​គ្នា​បាន​ក្នុង​ទ្រង់ទ្រាយ​បែបនេះ​ដែរ ប្រសិនបើ​បុគ្គល​ម្នាក់ៗ មិនបាន​អនុវត្ត​កិច្ចការពារ​ខ្លួន​បាន​ត្រឹមត្រូវ​ទេនោះ​។ ក្រុមការងារ ក៏បាន​ធ្វើការ​អប់រំ​សុខភាព ដើម្បី​ឲ្យ​អ្នក​នៅក្នុង​ពន្ធ​គារ​ទាំងអស់​ចេះ​ការពារ​ខ្លួន កុំ​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា​បន្ថែមទៀត​។​

​បច្ចុប្បន្ន ស្ថានភាព​សុខភាព​របស់​អ្នកជំងឺ មាន​សភាព​ល្អប្រសើរ​ជា​បណ្តើរៗ និង​ស្ថិតក្រោម​ការតាមដាន​ដោយ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​។​

​ជាមួយគ្នា ក្រសួង សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​អនុវត្ត​វិធានការ​ការពារ​កុំ​ឲ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩​ផង និង​ការពារ​ជំងឺ​ផ្តាសាយធំ​ផង ដែលជា​ជំងឺ​អាច​ឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ទៀត ឫ​ឆ្លង​នៅក្នុង​ក្រុមគ្រួសារ ឫ​នៅក្នុង​ក្រុមមនុស្ស​ណាមួយ​នោះដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close