សមត្ថកិច្ច​ឆ្មក់​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ ៨​គ្រឿង ក្នុងស្រុក​សន្ទុក​

​ខេត្តកំពង់ធំ​៖ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​ចល័ត​របស់​ក្រសួង ដឹកនាំ​ដោយ​លោក​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ សហការ​ជាមួយ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ និង​ប្រធាន​ស្ថានីយ​ជញ្ជីង​ប្រាសាទ ស្ថានីយ​ថ្នលកែង និង​ស្ថានីយ​ខែល​ជ័យ បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ ក្រុមការងារ​ត្រួតពិនិត្យ ១០​គ្រឿង និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ៨​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី ១២​តោន ដល់ ២៧​តោន​។ ក្នុងនោះ​រថយន្ត ៤​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចាប់ពី ២០​តោន​ឡើងទៅ នឹងត្រូវ​រក្សាទុក និង​ដោះស្រាយ​ដោយ​អនុលោម​តាមច្បាប់​ផ្លូវថ្នល់​មាត្រា ៦០​។​ កិច្ចប្រតិបត្តិការ​នេះ​បានបញ្ចប់​នៅវេលា​ម៉ោង ១​យប់ ថ្ងៃ​អង្គារ ទី​០១ ខែកញ្ញា ឆ្នាំ​២០២០​។​

​ក្រសួង សូម​បងប្អូន​ម្ចាស់​អាជីវករ ម្ចាស់​រថយន្ត​ដឹកទំនិញ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាបថា ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​បង្ក​មហន្តរាយ​ដល់​ផ្លូវជាតិ និង​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close