រូបសំណាកស្ត្រីអង្គុយឱបកូន ធ្វើអំពីស្ពាន់ ទុកជាការចងចាំ ក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរូបសំណាក់ “ស្ត្រីកំពុងអង្គុយឱបកូន” ស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ការកសាងរូបសំណាកស្ត្រីកំពុងអង្គុយឱបកូនស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ គឺដើម្បីរំលឹកឡើងវិញនូវ សច្ចធម៌ប្រវត្តិសាស្ត្រនៃជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដែលត្រូវព្រាត់ប្រាស់ក្រុមគ្រួសារ ប្រពន្ធព្រាត់ប្ដី ប្ដីព្រាត់កូន ហើយក៏មិនដឹងថាត្រូវព្រាត់ស្លាប់ឬ ព្រាត់រស់ ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវបានគេយកទៅសម្លាប់ប៉ុណ្ណោះ ពោលគឺជីវិតមានតែក្តីអស់សង្ឃឹម និងភាពភ័យរន្ធត់គ្រប់ពេលវេលា។

សូមជម្រាបថា រូបសំណាកនេះ ធ្វើឡើងអំពីស្ពាន់មានកម្ពស់២ម៉ែត្រ មានខឿនពីរថ្នាក់កម្ពស់ ១,២២ម៉ែត្រ ថ្នាក់ទី១ កំពស់១,៨៦ម៉ែត្រ បណ្ដោយ ៤,២០ម៉ែត្រ កំរាលផ្ទៃខាងលើ៩ម៉ែត្រការ៉េ និងស៊ុបូកថ្មលាងពណ៌ប្រផេះបិតម៉ាបពណ៌ខ្មៅនៅជញ្ជាំងទាំងបួន ទិស ដោយមានចារិកអក្សរជាភាសាខ្មែរនិងអង់គ្លេសដែលមានខ្លឹមសារ ស្ដីពីការចងចាំគ្មានថ្ងៃភ្លេចនូវរបបកម្ពុជាប្រជាធិបតេយ្យ ១៧ខែ ០៤ឆ្នាំ ១៩៧៥ ថ្ងៃ០៦ខែ ០១ឆ្នាំ ១៩៧៩។ ថ្នាក់ទី២ កម្ពស់០,៣៦០ ម៉ែត្រ បណ្ដោយ ៤,២ម៉ែត្រ ផ្ទៃ កម្រាលថ្មម៉ាបពណ៌ប្រផេះខ្មៅ។ រូបសំណាកនេះមានកំពស់សរុប៣,២២ម៉ែត្រ និងបានប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន ០៦ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។