ស្វី​ស បន្ត​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍ ដល់​ពលរដ្ឋ​កម្ពុជា រយៈពេល​៤​ឆ្នាំ​ទៀត​

​ភ្នំពេញ​៖ វិស័យ​ទេសចរណ៍​កម្ពុជា កាន់តែ​មានសង្ឃឹម​មួយកម្រិត​ទៀត ខណៈ​ការិយាល័យ​សហប្រតិបត្តិ​ការ​ស្វី​សបាន​ពាំនាំ​ដំណឹង​មក​ជម្រាប​ប្រាប់​ក្រសួងទេសចរណ៍​ឱ្យដឹងថា រដ្ឋាភិបាល​ស្វី​ស នឹង​បន្ត​ជួយ​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ខេត្ត​ភាគ​ខាងជើង និង​ភាគ​ឦសាន រយៈពេល​៤​ឆ្នាំ​ទៀត​។​

​ការ​ឱ្យដឹង​បែបនេះ គឺ​ក្នុងខណៈ​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោក ម៉ា​ខឺ​ស ប័​រលី (Markus Buerli) នាយក​ការិយាល័យ​សហប្រតិបត្តិ​ការ​ស្វី​ស នៃ​ស្ថាន​អគ្គ​កុល​ស៊ុ​ល​ស្វី​ស​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក ម៉ា​ខឺ​ស ប័​រលី បានឱ្យដឹងថា ចាប់ពី​ឆ្នាំ​២០២២-២០២៥ ខាងមុខ រដ្ឋាភិបាល​ប្រទេស​ស្វី​សនឹង​ដាក់ចុះ​គម្រោង​អភិវឌ្ឍន៍​ធំថ្មី​មួយទៀត ដែល​នឹង​អនុវត្តតាម​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។ គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​ទេសចរណ៍ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាដើម​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ថ្មី ២០២២-២០២៥ នេះ​ទៀតសោត ស្វី​សនឹង​បន្ត​ជួយ​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​ខេត្ត​ភាគ​ខាងជើង និង​ភាគ​ឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ស្នើឱ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ពិសេស​លើ​ផ្នែក​ទេសចរណ៍​សហគមន៍ ដើម្បី​ធ្វើ​យ៉ាង​បង្កើន​ការបណ្ដុះបណ្ដាល​លើ​ផ្នែក​គុណភាព​សេវាកម្ម​ទេសចរណ៍​ដល់​ប្រជា​សហគមន៍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឱ្យបាន​កាន់តែច្រើន ហើយ​ឆ្លើយតប​ទៅនឹង​បរិបទ​ថ្មី​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ឬ New Normal Life​។

​សូមជម្រាបថា កន្លងមក កម្ពុជា​-​ស្វី​ស ធ្លាប់បាន​សហការគ្នា​លើ​ការអភិវឌ្ឍន៍​ទេសចរណ៍ តួយ៉ាង​មានដូចជា គម្រោង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​យុវជន​កម្ពុជា ដើម្បីឱ្យ​ពួកគេ​មានចំណេះ​ជំនាញ​ស្របតាម​ស្ដង់ដា​អាស៊ាន​។ ក៏មានដែរ​នូវ​ការជួយ​រៀបចំ​ស្ដង់ដា​ទទួលស្គាល់​អ្នក​ដែលមាន​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ តែ​មិនទាន់មាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ ខណៈ​គម្រោង​ទាំងនេះ​សុទ្ធ​មាន​រយៈពេល​៤​ឆ្នាំ​ដូចគ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close