ភ្នំ​ស្រះ​ខ្ចៅ ស្ថិតនៅ​ខេត្តកំពង់ធំ​! រីឯ​អាយុកាល​ចាស់​ជាង​ប្រាសាទអង្គរវត្ត​ទៀត​

​ភ្នំ​ស្រះ​ខ្ចៅ ជា​ប្រភេទ​ថ្មភក់ មាន​ប្រាសាទ​មួយ​អាយុកាល​ចាស់​ជាង​ប្រាសាទអង្គរវត្ត​ត្រូវបាន​កសាង​នៅលើ​ភ្នំ​នេះ​។ តួ​ប្រាសាទ​បាក់បែក​អស់ តែ​នៅមាន​សសរ​ពេជ្រ ផ្ដែរ បល្ល័ង្ក និង​បំណែ​កដៃ​រូបចម្លាក់​ព្រះ​វិស្ណុ ឬ​ព្រះ​ឥសូរ​។ មាន​សសរ​ធ្វើ​ពី​ថ្ម​បុរាណ​សម្រាប់​ដាក់​អម​សងខាង​ផ្លូវ​ចូលទៅ ប្រាសាទ​ជាច្រើន​ដើម ដួល​ដេក​លើដី​ចម្ងាយ​ប្រមាណ ២០​ម៉ែត្រ តាមផ្លូវ​ពី​ប្រាសាទ​ទៅ​ស្រះ​ខ្ចៅ​។

​ប្រាសាទ​ស្រះ​ខ្ចៅ ត្រូវបាន​កសាង​នៅ​ចំណុច​ខ្ពស់​ជាងគេ​បំផុត​នៃ​កំពូលភ្នំ​។ ​ខឿន​ប្រាសាទ​មាន​ពីរ​ជាន់​៖ ជាន់​ក្រោម​ទំហំ​ប្រមាណ ៣០​ម៉ែត្រ​បួន​ជ្រុង និង​ជាន់​ទី​២ ទំហំ​ប្រមាណ ១៥​ម៉ែត្រ បួន​ជ្រុង​។ បច្ចុប្បន្ននេះ ឃើញ​មាន​រូប​ពុទ្ធបដិមា​ជាច្រើន​អង្គ​នៅ​ពីលើ​តួ​ប្រាសាទ​ដែល​បែកបាក់​។​ ស្រះ​ខ្ចៅ​ស្ថិតនៅ​ចម្ងាយ​៤០០​ម៉ែត្រ​ពី​ប្រាសាទ​។ តាមផ្លូវ​បុរាណ​ត​ភ្ជាប់​ពី​ប្រាសាទ​ទៅ​ស្រះ មាន​ផ្ទាំងសិលា ដើមឈើ​ធំៗ ទេសភាព​ស្អាត​ជាទី មនោ​រម្យ​សម្រាប់​អ្នកដើរ​កំសាន្ត​។ ពិតជា​រំសាយ​អស់​ទុក្ខ​កង្វល់ និង​មាន​អារម្មណ៍​ស្រស់ថ្លា​។

​អ្នក​អាច​ចំណាយពេល​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ដើម្បី​ផ្តិត​យក​រូបភាព​ទីតាំង​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ធម្មជាតិ​នៅ​ទីនោះ​។ តែ​សូមកុំ​ភ្លេច​យក​អាហារ និង​ភេសជ្ជៈ​ទៅជា​មួយ ហើយ​កុំ​ភ្លេច​យក​សំរាម​មកវិញ​ផង​។ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​បានឃើញ​មាន​ភ្ញៀវ​បរទេស​បោះតង់​ប្រមាណ​០៥​តង់ នៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ខឿន​ប្រាសាទ​។​

​ភ្នំ​ស្រះ​ខ្ចៅ ស្ថិតនៅ​ខេត្តកំពង់ធំ នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​បង្គោល​ថ្ម​លេខ ១៤៦ មាន​ក្លោងទ្វារវត្ត​ត្បែង​មាន​ឬ​ទ្ធិ ហើយ​បត់​ចូល និង​បន្តដំណើរ​តាមផ្លូវ​ដីក្រហម ប្រមាណ ៦​គីឡូម៉ែត្រ​ពី​ក្លោងទ្វារវត្ត​អ្នកនឹង​ទៅដល់​ក្លោងទ្វារ​ចូល ប្រាសាទ​ស្រះ​ខ្ចៅ​។
​ពុទ្ធសាសនិកជន​បាន​ចូល បច្ច័យ​តាម​សទ្ធា​ដើម្បី​កសាង​ផ្លូវ​ក្រាល​បេតុង​សម្រាប់​ឡាន​ឡើងទៅ​ដល់​ខឿន​ប្រាសាទ​៕

    

​ប្រភព​៖ Heritages Dairy-​បេតិកភណ្ឌ​ប្រចាំថ្ងៃ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close