ក្រសួងទេសចរណ៍ ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានដាក់​ចេញ​សារាច​ណែនាំ​ចំនួន ៧​ចំណុច ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​សារាចរ​ណែនាំ​នោះ មាន​ដូចខាងក្រោម​៖
​ទី​១៖ ត្រូវ​ជំរុញ​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ជាពិសេស​ការកត់ត្រា​ភ្ញៀវទេសចរ​ដែល​ចូលរ​ទៅ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា ការរៀបចំ​ឱ្យមាន​ការត្រួតពិនិត្យ​កំដៅ ទឹក​អាល់កុល​សម្លាប់​មេរោគ និង​តម្រូវឱ្យ​ភ្ញៀវទេសចរ​ប្រើប្រាស់​ម៉ាស ឬ​ក្រមា​ឱ្យបាន​ជាប់​ជាប្រចាំ​។​

​ទី​២៖ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ធ្វើ​ការធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ចរាចរណ៍ និង​ទី​ចំណត​ជូន​ភ្ញៀវទេសចរ​ឱ្យបាន​ល្អប្រសើរ​។​

​ទី​៣៖ ត្រូវ​សហការ​ជាមួយ​ក្រសួងបរិស្ថាន មន្ទីរ​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នានា ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ និង​ភ្ញៀវទេសចរ​ឱ្យបាន​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ ដោយ​លុបបំបាត់​ការបោះ​សំរាម និង​កាកសំណល់​ផ្តេសផ្តាស ជាពិសេស​បញ្ឈប់​ការ​បោះចោល​ក្រដាស​ក្រោម​តុ និង​ត្រូវ​ចាត់​វិធាន​តាម​គ្រប់​រូបភាព ដើម្បី​ធានា​អនាម័យ​ក្នុង​ភោ​ជនី​ដ្ឋា​ន រួមទាំង​បន្ទប់ទឹក បង្គន់​អនាម័យ ហើយ​បុគ្គលិក​បម្រើការ​ត្រូវមាន​ឯកសណ្ឋាន​បាន​ត្រឹមត្រូវ​។​

​ទី​៤៖ ត្រូវ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឱ្យបាន​សមរម្យ​។ រាល់​តម្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ ត្រូវ​សរសេរ​ឱ្យបាន​ច្បាស់​ដាក់​ក្នុង​តារាង ដើម្បី​ជម្រាបជូន​ភ្ញៀវ​ឱ្យបាន​ដឹង​ជាមុន ជៀសវាង​ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​។ ករណី​មិន​អនុវត្តតាម​តារាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​ទី​៥៖ ត្រូវធ្វើ​ការណែនាំ​ម្ចាស់​ទូកដ និង​កាណូត​ទេសចរណ៍ ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​កាត់​សមុទ្រ ទន្លេ ស្ទឹង និង​បឹង មិនឱ្យ​ផ្ទុក​លើស​ចំណុះ និង​ត្រូវ​បំពាក់​នូវ​សម្ភារ​សង្គ្រោះ​ចាំបាច់​នានា​។​

​ទី​៦៖ ត្រូវ​សហការ​ជាមួយ​សាលា​រាជ ខេត្ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​ផ្សព្វផ្សាយ​ស្ប៉ត​អំពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ព្រមជាមួយ​ស្ប៉ត​ទេសចរណ៍ និង​ការចូលរួម​ប្រលងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​»​។​

​និង​ទី​៧៖ ត្រូវ​សហការ​ចុះ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​ធ្វើការ​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ ដល់​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ អំពី​ហានិភ័យ និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ព្រមជាមួយ​ការពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ឱ្យបាន​ល្អប្រសើរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close