កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧

​ភ្នំពេញ​៖ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​សមុទ្រ​អាស៊ី​បូព៌ា (SDS-SEA)​នៅ​កម្ពុជា​» កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ឲ្យ​ដឹងថា «​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២១ ដោយ​កំណត់​យក​ខេត្ត​ព្រះសីហនុ ជាទី​តាំង​ប្រារព្ធ​ពិធី ហើយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បាន​គូសបញ្ជាក់ថា វេទិកា​រៀបចំឡើង​នៅថ្ងៃនេះ គឺ​ស្ថិតនៅក្រោម​គម្រោង​ស្តីពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​សមុទ្រ​អាស៊ី​បូព៌ា ដែលមាន​រយៈពេល​៥​ឆ្នាំ ហើយ​ត្រូវបាន​អនុវត្តន៍​តាំងពី​ឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ​២០១៩ ដោយ​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​មូលនិធិ​បរិស្ថាន​ពិភពលោក (Global Environment Facility-GEF) និង​សម្របសម្រួល​បច្ចេកទេស​ដោយ​អង្គការ PEMSEA​។ ដោយសារ​បញ្ហា​នៃ​ការអនុវត្ត​ត្រូវបាន​ពន្យារពេល ក៏ដូចជា​បញ្ហា​ជំងឺ​កូ​វីដ​-១៩ គម្រោង​នេះ ត្រូវបាន​ពន្យារពេលរ​យៈ​ពេល​១​ឆ្នាំ រហូតដល់​ឆ្នាំ​២០២០​។

​គម្រោង​នេះ ត្រូវបាន​អនុវត្តន៍​រួមគ្នា​រវាង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ជាប់​នឹង​តំបន់ឆ្នេរ និង​សមុទ្រ​ចំនួន​៤ គឺ​ខេត្តកំពត ខេត្ត​កែប ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ដោយ​ផ្តោតលើ​ទិដ្ឋភាព​គោលនយោបាយ និង​យន្តការ​ស្ថាប័ន ក្នុងការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ការការពារ​ជម្រក និង​ការស្តា​ជលផល និង​ការកាត់បន្ថយ​ហា​ការបំពុល​បរិស្ថាន និង​ការគ្រប់គ្រង​សំណល់​ទីក្រុង និង​សំណល់​សមុទ្រ​។​

​សូមបញ្ជាក់ថា គម្រោង​ស្តីពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​សមុទ្រ​អាស៊ី​បូព៌ា សម្រេចបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​រួមមាន​៖១)​ការបោះពុម្ពផ្សាយ​នូវ​របាយការណ៍​ជាតិ​ស្តីពី ស្ថានភាព​តំបន់ឆ្នេរ និង​មហាសមុទ្រ នៃ​ប្រទេស​កម្ពុជា (National State of Ocean and Coast-NSOC) ដែលជា​របាយការណ៍​ដំបូង​ដែល​វិភាគ​លើ​ស្ថានភាព និង​ការគំរាមកំហែង​ធនធាន និង​បរិស្ថាន​សមុទ្រ និង​ការផ្តួចផ្តើម​ឆ្ពោះទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពណ៌​ខៀវ (Blue Economy)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close