ប្រឆាំង​ដាច់ខាត​រាល់​ការជួញដូរ​លើ​កុមារ តាម​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​!

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២០ មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការបង្ក្រាប និង​ទទួល​កុមារ​រងគ្រោះ ដោយ​អំពើ​ជួញដូរ​កម្លាំង​ពលកម្ម​កុមារ​ចំនួន ៧​នាក់ (​កុមារី​២​នាក់​) ដែល​ក្នុងនោះ​កម្លាំង​មាន​សមត្ថកិច្ច​បាន​អនុវត្តតាម​នីតិវិធី​លើ​ជនសង្ស័យ​ចំនួន​០១ រូប​ភេទ​ស្រី​អាយុ​៧៦​ឆ្នាំ បទ​ជួញដូរ​កម្លាំង​ពលកម្ម​កុមារ ញុះ​ញ៉ុ​ង​ឲ្យ​កុមារ​ប្រកបមុខរបរ​សុំទាន កេងប្រវ័ញ្ច​យក​ផលប្រយោជន៍​ពី​កុមារ​រងគ្រោះ​និង​ងាយ​រងគ្រោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ដោយឡែក​សម្រាប់​កុមារ​រងគ្រោះ​ត្រូវបាន​បញ្ជូនមក​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​។​ ​ក្នុងនាម​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កងកម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ អង្គការ​សង្គម​សី​វិល ដែលជា​អង្គការ​ដៃគូ ក្នុងការ​ផ្ដល់នូវ​កិច្ច​សហការគ្នា​បានល្អ​។ បច្ចុប្បន្ន​កុមារ​រងគ្រោះ​បាននិងកំពុង បានផ្ដល់​កិច្ចសហការ​ក្នុងការ​ចង្អុលបង្ហាញ​ជ​ន​សង្ស័យ​ពាក់ព័ន្ធ​និង​ការកេងប្រវ័ញ្ច​ខាងលើ​ដើម្បី​អនុវត្តតាម​នីតិវិធី​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​។​ចំណែក​កុមារ​រងគ្រោះ​ទាំង​០៧​នាក់​កំពុង​ទទួលបាន​នៅ​ការផ្ដល់​ការ​ស្នាក់នៅ​ថែទាំ​បណ្ដោះអាសន្ន​និង​ផ្តល់​សេវា​ផ្លូវច្បាប់ តាមរយៈ​អង្គការ​ដៃគូរ​សហប្រតិបត្តិការ នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។
​
ក្នុងនោះ​ផងដែរ​លោកស្រី​ប្រធាន​មន្ទីរ​ស អ យ រាជធានី​ភ្នំពេញ​ក៏បាន​ជួបពិភាក្សា​ជាមួយ​អង្គការ​ដៃគូរ​និង អស់លោក​លោកស្រី​ដែលជា​អាណាព្យាបាល​របស់​កុមារ​រងគ្រោះ ដើម្បី​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្ដែង​និង​ការរស់នៅ​របស់​កុមារ​ក្នុង​គ្រួសារ​នៅតាម សហគមន៍​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close