ផ្ទុះ​កង់​រថយន្ត​ក្រឡាប់​ធ្លាក់​ប្រឡាយ ស្លាប់​អ្នកបើកបរ​ម្នាក់ ៧​នាក់​ទៀត​របួសធ្ងន់​ស្រាល​

​ខេត្តកំពង់ឆ្នាំង​៖ អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​ស្លាប់​ភ្លាមៗ និង​មនុស្ស​៧​នាក់​ទៀត បាន​រងរបួស​ធ្ងន់​ស្រាល ករណី​ផ្ទុះ​កង់​រថយន្ត​ក្រឡាប់​ធ្លាក់​ប្រឡាយ កាលពី​រសៀល ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​ម្សិលមិញ នៅ​ចំណុច​ស្ពាន​ត្រាំ​រទេះ ក្នុងភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​តាម​របាយការណ៍​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ខាងលើ ម៉ាក​HILUX VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​66.2-0589 បាន​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ផ្ទុះ​កង់​ខាងស្តាំ​ទាំងសងខាង ក្រឡាប់​ធ្លាក់ចូល​ប្រឡាយទឹក បណ្តាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ ឡោ ដា​លី​ស ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ខណ្ឌដង្កោ ក្រុងភ្នំពេញ ស្លាប់​នៅនឹងកន្លែង​តែម្តង រីឯ​អ្នករួមដំណើរ​ចំនួន​៧​នាក់ របួសធ្ងន់​ស្រាល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​សាកសព​យកមក​រក្សាទុក​នៅ​មន្ទីរពេទ្យ​ស្រុក​ទឹកផុស រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​អ្នករបួសធ្ងន់​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close