ថៃ បញ្ជូនផ្កាយរណបទៅកាន់ទីអវកាសដោយជោគជ័យ នៅទឹកដីបារាំង

ថៃ៖ ផ្កាយរណបយោធារបស់ថៃត្រូវបានបញ្ជូនទៅកាន់ទីអវកាសដោយជោគជ័យ តាមរយៈក្រុមហ៊ុន Arianespace Vega ដែលមានមីស៊ីលបញ្ជូនផ្កាយរណបទៅកាន់តារាវិថីផែនដី។ ជាមួយនឹងការបញ្ជូនជោគជ័យ ទាហានអាកាសថៃ មានផ្កាយរណបសម្រាប់ការពារសន្តិសុខជាតិ។

កាលពីថ្ងៃទី៣ខែកញ្ញា ផ្កាយរណបដំបូងគេបង្អស់របស់កម្លាំងទាហានអាកាសថៃ មានឈ្មោះថា ណាប៉ា ១ (Napa-1) ត្រូបានបញ្ជូនទៅកាន់គន្លងតារាវិថីដោយជោគជ័យ ប្រើប្រាស់រ៉ុក្កែតរ៉ុញArianespace Vega របស់អឺរ៉ុប ដោយបាញ់ចេញទីទឹកដីបារាំងឯនាយសមុទ្រ គឺ Guyana។ ការបញ្ជូនផ្កាយរណបធ្វើឡើងនៅវេលាម៉ោង ៨និង១៥នាទី ម៉ោងនៅទីក្រុងបាងកក់ ដោយបាញ់ចេញពីមជ្ឈមណ្ឌលអាវកាស Guiana របស់បារាំង។

ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថាផ្កាយរណប Napa-1 បានបញ្ជូនទៅទីអវកាស ព្រមជាមួយផ្កាយរណប ចំនួន៥៣ផ្សេងទៀត របស់ ១៣ប្រទេសដែលមានតម្រូវការបញ្ជូនផ្កាយរណប។ ក្នុងចំណោមផ្កាយរណបមាន៧គ្រឿងប្រភេទ(microsatellite) មានទម្ងន់តែ១៥គីឡូក្រាមតែប៉ុណ្ណោះ និងផ្កាយរណប(nanosatellite) ចំនួន៤៦គ្រឿង។
ផ្កាយរណប Napa-1 របស់ទាហានអាកាសថៃ គឺជាផ្កាយរណបខ្នាតតូចមួយដែលបានបាញ់បង្ហោះទៅក្នុងគន្លងផែនដីទាបដើម្បីធ្វើការអង្កេតនិងស្ទង់មើលដែនអាកាសថៃសម្រាប់គោលបំណងការពារសន្តិសុខជាតិ។ ផ្កាយរណបខាងលើ ក្រៅពីបម្រើក្នុងវិស័យសន្តិសុខការពារជាតិ នៅអាចជួយក្នុងសកម្មភាពជួយសង្គ្រោះ ស្វែងរក ក្នុងហេតុការគ្រោះថ្នាក់ធម្មជាតិ។ ក្រៅពីនេះក៏តាមដានភ្លើងឆេះព្រៃផងដែរ និងគ្រោះរាំងស្ងួត ទឹកជំនន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។