ក្រសួងបរិស្ថាន រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង នៅលើ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​”

​ភ្នំពេញ​៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ការបង្កើត​ព្រឹត្តិការណ៍​រត់ប្រណាំង នៅលើ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​”​ភ្នំ​គូលែន​” ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​បេតិកភណ្ឌ​វប្បធម៌ និង​បេតិកភណ្ឌ​ធម្មជាតិ​នៅ​ទីនោះ​។ ឯកឧត្តម បានលើកឡើង​បែបនេះ ក្នុង​ស​ន្និសិត​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​មេគង​ភ្នំពេញ នូវ​ព្រឹត្តិការណ៍​រត់ប្រណាំង នៅលើ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​” ក្រោម​ប្រធានបទ យើង​រួមគ្នា​ថែរក្សា​ភពផែនដី​។​

​ឯកឧត្តម សៅ សុភាព មានប្រសាសន៍​បន្ថែមថា ភ្នំ​គូលែន​គឺជា​ទីកន្លែង​មួយ​ដែលមាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ប៉ុន្តែ​ក៏មាន​បញ្ហា​ប្រឈម​ផ្សេងៗ​ពី​ការបំពុល​បរិស្ថាន​ផងដែរ ប៉ុន្តែ​ត្រូវបាន​ក្រសួងបរិស្ថាន​យកចិត្តទុកដាក់​និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ។ អ្វីដែល​ពិសេស​នៅក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​នោះ​លើ​ភ្នំ​គូលែន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នាពេល​ខាងមុខនេះ គឺ​មិនមាន​ឱ្យប្រើ​ប្រាស់​នូវ​សំណល់​ប្លា​ស្ទិ​ក ឬ​ជា​សំបក​ដប​ទឹក​នោះឡើយ ទាំងនេះ​ជាការ​ចូលរួម​ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន និង​ការបំពុល​ដោយ​ប្លា​ស្ទិ​ក ។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បន្ថែមទៀតថា ជាមួយនឹង​ព្រឹត្តិការណ៍​នេះ ក្រសួងបរិស្ថាន​ក៏បាន​បង្កើតឱ្យមាន​ការ​ដាំ​កូនឈើ​ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ទាំងអស់ ដែលជា​ការបង្ហាញ​ពី​សកម្មភាព​រួមចំណែក​ក្នុង​ការដាំ​ស្តារឡើងវិញ នៅ​តំបន់​មួយចំនួន​លើ​ភ្នំ​គូលែន​ដែលមាន​ការ​រិច​រិល និង​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​មួ​យ​យ៉ាងសំខាន់​លើ​ការគ្រប់គ្រង​ការពារ​គម្រប​ព្រៃ ដើម្បីឱ្យ​តំបន់​មួយចំនួន​ដែល​ខូចខាត​និង​ល្អប្រសើរ​វិញ​នៅ​ថ្ងៃ​អនាគត ។​

​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ ក៏​ជាការ​ផ្តល់ឱកាស​ដល់​ប្រជា​សហគមន៍​នៅលើ​ភ្នំ​គូលែន ចូលរួម​ក្នុង​ការផ្តល់​សេវាកម្ម​ផ្សេងៗ ជាការ​ផ្គត់ផ្គង់​លើ​ផ្នែក​ចំណីអាហារ ដើម្បី​ទទួល​បានជា​ប្រាក់ចំណូល​សម្រាប់​ជីវភាព​ដល់​ពួកគាត់​ថែម​ទៀតផង ក្នុងន័យ​លើកកម្ពស់​សកម្មភាព​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​លើ​ភ្នំ​គូលែន ។​

​សូមបញ្ជាក់ថា ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​” ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ ប​ច្ចុ​ប្ប​ត្រូវបាន​ការពារ​និង​អភិរក្ស​ដោយ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ។ ភ្នំ​គូលែន​មាន​វិសាលភាព​៣៧៣៧៥​ហិច​តា ដោយ​គ្រប់​ដណ្តប់​លើ​ស្រុក​ចំនួន​៤​ក្នុង​ខេត្តសៀមរាប គឺ​ស្រុក​បន្ទាយស្រី ស្រុក​ស្វាយ​លើ ស្រុក​វ៉ា​រិន្ទ និង​ស្រុក​សូត្រ​និគម​។ មិនតែប៉ុណ្ណោះ ភ្នំ​គូលែន​គឺជា​តំបន់​ផ្តល់នូវ ប្រភពទឹក​ស្រោចស្រព ដែល​ហូរ​នាំ​ទៅតាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ក្នុងការ​ច​ញ្ចឹ​ម​ដល់​មនុស្ស សត្វ រុក្ខជាតិ សំខាន់​លើ​ការងារ​កសិកម្ម​ជាដើម ដូច្នេះ​យើង​ត្រូវតែ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដើម្បី​ជីវភាព និង​ការរស់នៅ​របស់​យើងទាំងអស់គ្នា ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close