រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ

ព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ។

នាឱកាសនោះ ឯកឧត្ដម កើត រិទ្ធ បានសំដែងនូវការអបអរសាទរចំពោះការប្រកាសដាក់ឱ្យដំណើការសាលាឧទ្ធរណ៍ព្រះសីហនុ និងការចូលកាន់មុខតំណែងជាផ្លូវការរបស់ថ្នាក់ដឹកនាំសាលា ឧទ្ធរណ៍ព្រះសីហនុ ដោយបានបញ្ជាក់ថា «សាលាឧទ្ធរណ៍ព្រះសីហនុ ក៏ដូចជាសាលាឧទ្ធរណ៍តំបន់ពីរផ្សេងទៀត គឺសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍បាត់ដំបង ត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការជាប្រវត្តិសាស្ត្រនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះសំណុំរឿង ដែលត្រូវប្រមូលផ្តុំនៅសាលាឧទ្ធរណ៍ភ្នំពេញតែមួយហើយការបង្កើតសាលាឧទ្ធរណ៍ព្រះសីហនុ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនដីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយអាចជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរពីបណ្តាខេត្តជាប់មាត់សមុទ្រទាំង៤ ខាងលើមកកាន់រាជធានីភ្នំពេញ»។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់ការណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ព្រមទាំងចៅក្រម អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់នៃសាលាឧទ្ធរណ៍ព្រះសីហនុ និងមហាអយ្យការអមសាលា ឧទ្ធរណ៍ព្រះសីហនុ ក៏ដូចជានៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយសំណុំ រឿងឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ចៀសវាងកុំឱ្យមានការបញ្ហាកកស្ទះសំណុំរឿងដែលសិ្ថតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របទៅតាមគោលដៅ ដែលក្រសួងយុតិ្តធម៌បាននិងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។