ថៃ រកឃើញករណីឆ្លងកូវីដ១៩ជាថ្មី លើអ្នកសេពគ្រឿងញៀន

ថៃ៖ កាលពីម្សិលមិញ ថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ក្នុងស្រុកជាថ្មី បន្ទាប់ពីគ្មានឆ្លងបែបនេះ ជាង១០០ថ្ងៃមកហើយនោះ។ មន្ត្រីសុខាភិបាលបានបញ្ជាក់កាលពីថ្ងៃទី៣ កញ្ញាថា ករណីថ្មីនេះគឺជាបុរសម្នាក់ ទើបត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារ នៅក្នុងរាជធានីបាងកក។

បុរសវ័យ៣៧ឆ្នាំរូបនេះបានតេស្តថារកឃើញផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃពុធ ក្នុងពេលធ្វើតេស្តប្រចាំសប្តាហ៍ ហើយអ្នកជំងឺម្នាក់នេះមិនបានធ្វើដំណើរទៅក្រៅប្រទេស ឬក៏មានទំនាក់ទំនងជិតស្និតជាមួយអ្នកជំងឺកូវីដ១៩ផ្សេងណាទេ។ អ្នកជំងឺត្រូវបានចាប់ខ្លួន ទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២៩ សីហា ហើយមានប្រវតិ្ថធ្លាប់ធ្វើការជា DJ នៅក្លឹបរាត្រី។ បច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាល ខណៈដែលអ្នកទោសផ្សេងៗទៀតប៉ះពាល់ផ្ទាល់ជាមួយ ត្រូវបាននាំទៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែក។
សូមបញ្ជាក់ថា ករណីថ្មីៗនៃជំងឺកូវីដ១៩នៅប្រទេសថៃ ប្រមាណ៣ខែមកនេះសុទ្ធតែជាករណីនាំចូល រកឃើញក្រោយការធ្វើចត្តាឡីស័ក។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធ បានសម្តែងនូវការអបអរសាទរចំពោះការគ្មានឆ្លងក្នុងសហគមន៍១០០ថ្ងៃ ស្រាប់តែមានការឆ្លងក្នុងស្រុកជាថ្មី ដូចបានរៀបរាប់ខាងលើនេះ។ ថៃមានករណីកូវីដ១៩ ជាង៣ពាន់នាក់ ស្លាប់៥៨នាក់ បច្ចុប្បន្ននេះ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។