សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​កញ្ចប់​ថវិកា ១៥០​លាន​ដុល្លារ កសាង​ផ្លូវ​៣៨ខ្សែ ​ក្នុង​ទី​រួម​ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា​នឹង​ផ្តល់​កញ្ចប់​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​កសាង​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្តសៀមរាប​។ ទោះបី​ពេលនេះ​ប្រទេសជាតិ​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ក៏​មិនបាន​ធ្វើអោយប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឡើយ​។​

​សូមបញ្ជាក់​ផងដែរ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ដែលមាន​ចំនួន ៣៨ ខ្សែ ដែល​គ្រោង​នឹង​សាងសង់​នៅក្នុង​ទី​រួម​ខេត្ត​នេះ​នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ​១៩​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នឹង​ផ្តល់​កិ​ត្ត​យស​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​នេះ ហើយ​សង្ឃឹមថា​នៅ​ចុងឆ្នាំ​២០២១ យើង​នឹងមាន​ផ្លូវ​ស្អាត​ក្នុង​ទឹកដី​អង្គរ​អច្ឆរិយៈ​នេះ​។​

​ក្នុងនាម​រដ្ឋបាលខេត្ត​សៀមរាប និង​បងប្អូន​ប្រជាពលរដ្ឋ​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ដែល​តែងតែ​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​ក្នុង​ខេត្តសៀមរាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close