រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទស្សនា​ផ្សារ​ចុង​សប្ដាហ៍ នៅ​ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៦ កញ្ញា ម្សិលមិញ បាន​អញ្ជើញ​ទស្សនា​ផ្សារ​ចុង​សប្ដាហ៍ នៅ​ខេត្តបាត់ដំបង ដើម្បី​ពិនិត្យ និង​គាំទ្រ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដែល​ដាំ​ដុះ និង​ចិញ្ចឹម​ដោយ​កសិករ ដែល​បាន​យកមក​ដាក់លក់​នៅ​ទីផ្សារ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យើង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ចប់​ខ្ជួន​នូវ​វិធានការណ៍ និង​យុទ្ធសាស្ត្រ​ចាំបាច់​នានា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ ជាពិសេស​ត្រូវអនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ខិតខំ​ដាំ​ដុះ​ជំរុញ​ផលិតកម្ម​កសិកម្ម រួមមាន ការចិញ្ចឹម​សត្វ ផលិតកម្ម​ដំណាំ​ស្រូវ និង​ដាំ​ដំណាំ​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ព្រមទាំង​បង្កើត​ទីផ្សារ​ជូន​កសិករ​ខ្នាតតូច​ដែលជា​កាលានុវត្តភាព​ស​ម្រា​ប់​វិស័យ​កសិកម្ម និង​ទីផ្សារ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ថា ដើម្បី​ឆ្លើយតប​ជាបន្ទាន់​ទៅនឹង​បញ្ហា​ចំពោះមុខ​នេះ គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(​អេ​ម​ស៍​) ត្រូវ​កៀរគរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម ដើម្បី​ធ្វើឱ្យ​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​ឱ្យ​ដំណើរការ​ល្អប្រសើរ និង​ត្រូវបង្កើត​ផ្សារ​ចុង​សប្ដាហ៍​នៅតាម​ខេត្ត​គោលដៅ​នីមួយៗ ដើម្បី​ផ្សព្វផ្សាយ​លក់​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដែល​ដាំ​ដុះ និង​ចិញ្ចឹម​ដោយ​កសិករ​ផ្ទាល់ ជាពិសេស​លើកស្ទួយ​វិបុលភាព​កសិករ​ខ្នាតតូច​តាមរយៈ​ការបង្កើន​ផលចំណេញ​កាន់តែច្រើន​ដោយ​ត​ភ្ជាប់​ក​សិ​-​ពាណិជ្ជកម្ម និង​ទីផ្សារ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុមការងារ​គម្រោង​អេ​ម​ស៍ និង​ក្រុមការងារ​មន្ទីរ​ពា​ណិ​ជ្ចក​ម្ម​ខេត្ត​នីមួយៗ ធ្វើយ៉ាងណា​ខិតខំ​ជួយ​ដុតដៃដុតជើង​គាំទ្រ​ឱ្យ​ផ្សារ​ចុង​សប្តាហ៍​ដែល​កំពុង​លក់ដូរ​នេះ​ឱ្យមាន​ចីរភាព​។ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការលក់​បន្លែ​មាន់​សាច់​នៅ​ផ្សារ​ចុង​សប្ដាហ៍​នេះ ក្រៅពី​ផ្តល់ប្រាក់​ចំណូល​បន្ថែម​ដល់​បងប្អូន​កសិករ ក៏​ធ្វើឱ្យ​អ្នកប្រើប្រាស់​អាច​ជួប​ប្រា​ស័​យ​ទាក់ទង​ជាមួយ​កសិករ​ផ្ទាល់ និង​ទិញ​កសិផល​ដែលមាន​ប្រភព​ច្បាស់លាស់​។ នៅ​ថ្ងៃ​ខាងមុខ​យើងខ្ញុំ​ចង់ឃើញ​បងប្អូន​ទាំងអស់​ប្រែក្លាយ​ពី​កសិករ​ឆ្នើម​ទៅជា​ពាណិជ្ជករ​ជោគជ័យ រកស៊ី​កាន់តែ​ចំណេញ​មាន​ប្រាក់​កាន់តែច្រើន​! នោះ​ហើយ​គឺជា​គោលបំណង​ចម្បង​នៃ​គម្រោង​របស់​យើង​» ។​

​សូមបញ្ជាក់ថា ផ្សារ​ចុង​សប្ដាហ៍​ជា​សកម្មភាព​ចម្បង​មួយ នៃ​សកម្មភាព​នានា​របស់​គ​ម្រា​ង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (​អេ​ម​ស៍​) និង​ជា​យុទ្ធសាស្ត្រ​អាទិភាព​មួយ​ក្នុងចំណោម​យុទ្ធសាស្ត្រ​ជាច្រើន​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​លើកកម្ពស់​ត​ម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​នៅលើ​ទីផ្សារ និង​ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់​កសិក​រ​ខ្នាតតូច​នៅតាម​មូលដ្ឋាន តាមរយៈ​ការ​ធ្វើក​សិ​-​ពាណិជ្ជកម្ម និង​ការតភ្ជាប់​ទីផ្សារ​នៅក្នុង​និង​ក្រៅ​តំបន់​។ ​មកដល់​បច្ចុប្បន្ននេះ គម្រោង​អេ​ម​ស៍​បើក​ដំណើរការ​សាកល្បង​ផ្សារ​ចុង​សប្ដាហ៍​បាន​ចំនួន ១២​ខេត្តហើយ​។ ផ្សារ​ដែល​បើក​មុនគេ គឺ​ផ្សារ​ចុង​សប្ដាហ៍​នៅ​ខេត្តសៀមរាប ដែល​បើក​លក់​នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ និង​មានការ​លក់ដូរ​បានល្អ​ប្រសើ​រហូតមក​។ គម្រោង​អេ​ម​ស៍មាន​ផែនការ​បន្ត​បើក​ផ្សារ​ដូចនេះ នៅ​បណ្ដា​ខេត្ត​គោលដៅ​ផ្សេងទៀត និង​រាជធានី​ភ្នំពេញ​នៅពេល​ឆាប់ៗ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close