អាជ្ញាធរ នឹង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​សប្បាយៗ​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍ នៅ​សៀមរាប​-​អង្គរ

​ខេត្តសៀមរាប​៖ ដើម្បី​កែ​ភាព​អផ្សុក​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ក្នុងស្រុក និង​ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ​នោះ អាជ្ញាធរ​ខេត្តសៀមរាប​បាននិងកំពុង​ពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផែនការ​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​ទេសចរណ៍​កម្សាន្ត​សប្បាយៗ​រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍ នៅតាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​របស់ខ្លួន​។​

​ផែនការ​ដ៏​ពិសេស​នេះ ត្រូវបាន​លើកឡើង​ដោយ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ ក្នុងឱកាស​ដែល​លោក​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ស្ថានភាព​វិស័យ​ទេសចរណ៍ នា​កំលុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាល​សប្តាហ៍​កន្លងទៅ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​

​លោក ង៉ូ​វ សេង​កាក់ បានឱ្យដឹងថា ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ក្រោម​ការគាំទ្រ​ពី​ក្រសួងទេសចរណ៍​, រដ្ឋបាលខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាននិងកំពុង​ស្វែងរក​កិច្ចពិភាក្សា​ជាមួយ​មន្ទីរ អង្គភាព និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​រៀបចំ​ផែនការ​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​ទេសចរណ៍​នៅ​រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍ ឬ​អាច​ថា​នៅ​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃអាទិត្យ​។​ ​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា អាច​រៀបចំ​ផែនការ​នេះ​ទៅបាន ទាល់​តែមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​បណ្ដា​មន្ទីរ អង្គភាព ដៃគូ​ពាក់ព័ន្ធ ក៏ដូចជា​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ទាំង​ការចូលរួម​ជា​ស្មារតី សកម្មភាព និង​ធនធាន​ហិរញ្ញវត្ថុ​ផងដែរ​។​

​លោក សេង​កាក់ បាន​បង្ហើប​ថា ក្នុង​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយៗ​នេះ អាជ្ញាធរ​មិន​ត្រឹមតែ​រៀបចំ​នៅក្នុង​ក្រុង​សៀមរាប និង​តំបន់​អង្គរ​ប៉ុណ្ណោះ​ទេ ថែមទាំង​នឹង​រៀបចំ​ខ្សែ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​នៅតាម​តំបន់​ទេសចរណ៍​ខាងក្រៅ​តំបន់​អង្គរ​ថែមទៀត​ផងដែរ ដូចជា​ភ្នំ​គូលែន បន្ទាយស្រី ចង្ក្រាន​រយ ព្រៃកោងកាង ភ្នំ​ក្រោម តំបន់​រលួស​ជាដើម ពោលគឺ​នៅក្នុង​សុទ្ធតែ​ស្ថិតនៅក្នុង​តំបន់​គោលដៅ​ទេសចរណ៍​ធំៗ​ទាំង​បួន​ក្នុង​ខេត្ត រួមមាន​តំបន់​អង្គរ តំបន់​ទីក្រុង​សៀមរាប តំបន់​បឹង​ទន្លេសាប និង​គោលដៅ​ជុំវិញ​តំបន់​អង្គរ​។​

​លោក​ថា «​តាមរយៈ​ផែនការ​រៀបចំ​នេះ ភ្ញៀវទេសចរ​អាច​ជិះ​កង់​ផ្សងព្រេង ជិះ​កង់​ឡើង​ភ្នំ បោះតង់ ជិះទូក ដើរ​មើល​ព្រៃកោងកាង ឬ​អាច​ចូលរួម​ក្នុង​កម្មវិធី​ចម្អិន​ម្ហូបអាហារ និង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​»​។​ លោក​បាន​បន្តទៀតថា ការរៀបចំ​ឱ្យមាន​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​ប្រចាំថ្ងៃ​ចុង​សប្ដាហ៍​នេះ នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មានឱកាស​ច្រើន​ក្នុងការ​ដើរលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្តសៀមរាប ហើយនឹង​បង្ក​ភាព​ភាព​ងាយ​ស្រួយ​សម្រាប់​ភ្ញៀវទេសចរ​ជា​លក្ខណ​គ្រួសារ និង​មិត្តភក្តិ​ជា​ក្រុម​ផងដែរ​។​

​លោក​បានបង្ហាញ​ការរំពឹងទុក​ថា ផែនការ​រៀបចំ​កម្មវិធី​ទេសចរណ៍​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍​មូលដ្ឋាន តាមរយៈ​ការទទួលបាន​កម្រៃ​ពី​វិស័យ​ទេសចរណ៍​ឡើងវិញ បន្ទាប់ពី​ជួប​នូវ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​តាំងពី​ចុងឆ្នាំ​២០១៩​មក​។​ ​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ ក៏​មិនបាន​ភ្លេច​ដែរ​អំពី​ការតាំង​ស្មារតី​ក្នុងការ​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ខណៈ​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​មិនទាន់រួច​ផុតពី​វិបត្តិ​ជំងឺ​កូ​វីដ​នៅឡើយ​ទេ ដោយ​លោក​បាន​បញ្ជាក់ថា «​វា​ជា​កិច្ចការ​ចាំបាច់​បំផុត​»៕​

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close