សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​

​ខេត្តសៀមរាប​៖ ក្នុង​ពិធី​ចែក​អំណោយ​ជូន​ដល់​លោកយាយ លោកតា និង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១៥០​គ្រួសារ នៅ​សហគមន៍​បាគង​ភូមិ​ខ្ញុំ ស្ថិតក្នុង​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ លោក សូត្រ សួរ តំណាង​សហគមន៍​បាគង​ភូមិ​ខ្ញុំ បាន​ឲ្យ​ដឹងថា សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​នេះ គឺ​រៀបចំឡើង​ដោយ​ឈរលើ​ទស្សនៈវិស័យ និង​បេសកកម្ម​របស់​សហគម​ន៍ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរឡើង​។

​លោក សូត្រ សួរ បាន​ឲ្យ​ដឹង​ទៀតថា ទៅ​ថ្ងៃ​អនាគត​ដ៏​ឆាប់ៗ​នេះ សហគមន៍​គ្រោង​នឹង​សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ខ្នង​ផ្ទះ​ស្រាប់​នៅ​ជុំវិញ​សហគមន៍ ឲ្យ​ធ្វើការ​កែលម្អ​បន្ទប់​គេង , បំពាក់​ភ្លើង​អំពូល គ្រែ ពូក ខ្នើយ បន្ទប់ទឹក ដើម្បី​បម្រើ​សេវាកម្ម​ផ្ទះ​ស្នាក់​សម្រាប់​ភ្ញៀវ​ទេសចរណ៍ រួម​ជាមួយនឹង​កម្មវិធី​ផ្សេងៗ​ទៀត ដូចជា​៖ ការ​ជិះរ​ទះ​គោ , ស្ទូចត្រី , ឆ្លុះត្រី , ដាក់​បង្កៃ​ត្រី , ដាក់​មោង និង​ដាក់​ទ្រូ​ជាដើម ដើម្បី​បង្កើន​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ , ការថែទាំ​សួន​ឈើ​ប្រឌិត​ឲ្យ​បាន​គង់វង្ស , ការខិតខំ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង ការធ្វើ​ឲ្យ​ភូមិ​បាគង​ជា​ភូមិ​មួយ​មាន​បរិស្ថាន​ស្អាត មាន​សោភ័ណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ឱ្យមក​កម្សាន្ត​។​


​ក្នុងឱកាស​នោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​ការបង្កើត​សហគមន៍​ទេសចរណ៍ បាគង​ភូមិ​ខ្ញុំ​នេះ ព្រោះ​វា​ពិត​ជាមាន​សារៈសំខាន់​ដើម្បី​រួមចំណែក​ទាក់ទាញ​អ្នក​ទេសចរណ៍​ក្នុងស្រុក ឱ្យមក​ទស្សនា​ខេត្តសៀមរាប និង​ជាការ​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដើម្បី​ពួកគាត់​មានឱកាស​រកប្រាក់​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ខណៈដែល​ជំងឺឆ្លង​កូ​វីដ​១៩ មិនដឹង​ពេលណា​នឹង​ផុតរលត់​នោះឡើយ ស្របតាម​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​នឹង​កំពុង​ជំរុញ​ដល់​រដ្ឋបាល​ក្រុង​ស្រុក ឲ្យ​យកចិត្តទុកដាក់​លើ​ការបង្កើតឱ្យមាន​តំបន់​ទេសភាព​ធម្មជាតិ អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ នៅតាម​មូលដ្ឋាន​របស់ខ្លួន ខណៈ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​សកល ក៏ដូចជា​សេដ្ឋកិច្ចជាតិ ពិសេស​ប្រតិបត្តិ​ករ និង​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close