ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត បើកក្នុង​ល្បឿន​១២០​គីឡូម៉ែត្រ​ ក្នុង​១​ម៉ោង​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០​នៅ ឯ​ទីស្ដីការក្រសួង ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​របាយកាណ៍​ស្តីពី​លទ្ធផល​នៃ​ការសិក្សា​បច្ចេកទេស​នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ដែល​លើកឡើង​ដោយ​ក្រុមហ៊ុន​China Railway International Group Co., Ltd ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​យោងតាម​របាយការណ៍​សិក្សា​របស់​ក្រុមហ៊ុន បាន​បង្ហាញថា គម្រោង​សាងសង់​ផ្លូវ​នេះ​មាន​បី​ជម្រើស ផ្អែក​តាម​ទីតាំង​ភូមិសាស្ត្រ​និង​ផលប៉ះពាល់ ជា​ផ្លូវ​រចនា​ឡើង​សម្រាប់​ល្បឿន​លឿន​បំផុត​ត្រឹម​១២០​គីឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ស្របតាម​អនុស្សរណៈ​យោគយល់​រវាង​កម្ពុជា និង​វៀតណាម​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បានឱ្យដឹងថា ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល​ត្រូវការ​សិក្សា​ពិនិត្យ​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​លើ​ជម្រើស​ផ្លូវ​ទាំងបី​នេះ មុននឹង​ធ្វើការ​សម្រេច​ថា​តើ​ត្រូវ​ជ្រើស​រើសយក​ជម្រើស​ផ្លូវ​មួយណា ជាពិសេស ក្រសួង​រង់ចាំ​លទ្ធផល​របាយការណ៍​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​នៅ​ពាក់កណ្ដាល​ខែតុលា ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​យក​ជា​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បានស្នើ​ឱ្យ​ភាគី និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ចូលរួម​កិច្ចប្រជុំ​ប្រចាំខែ​លើ​ការពិនិត្យ វឌ្ឍនភាព​គម្រោង​នេះ ដើម្បី​ផ្ដល់​កិច្ចសហការ និង​ជួយ​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួន​ដែល​ក្រុមហ៊ុន​មិន អាច​ដោះស្រាយបាន​សំដៅ​ឱ្យ​គម្រោង​នេះ​មានដំណើរ​ការ​រលូន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close