ក្រោយចិន ចោទប្រកាន់កងទ័ពឥណ្ឌាចេញមុខច្រានចោល ពាក់ព័ន្ធការរំលោភកិច្ចព្រមព្រៀង

ចិន៖ កន្លងមកចិនបានចោទប្រកាន់ កម្លាំងទាហានឥណ្ឌាបានបានបង្កឲ្យមានការប្រឈមមុខតានតឹង កាន់តែខ្លាំងនៅតំបន់ព្រំដែនមានវិវាទ ដោយកងទ័ពឥណ្ឌា រំលោភកិច្ចព្រមព្រៀង ។

កងទ័ពឥណ្ឌានៅថ្ងៃអង្គារនេះបានប្រកាសច្រានចោលការចោទប្រកាន់របស់ចិនដែលថា ខ្លួនបានបំពានកិច្ចព្រមព្រៀងទ្វេភាគី ហើយឥណ្ឌាបានវាយបកវិញថា គឺកងទ័ពចិនទៅវិញទេ ដែលនៅតែបន្តធ្វើសកម្មភាពបង្ករឿង និងបានបាញ់ព្រមានទៅលើអាកាស ក្នុងពេលកំពុងប្រឈមមុខដាក់គ្នា ជាមួយកងទ័ពឥណ្ឌា នៅតាមបណ្តោយព្រំដែនមានជម្លោះកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០។

នៅព្រឹកថ្ងៃអង្គារនេះ ចិនបានចោទប្រកាន់កងទ័ពឥណ្ឌាថា បានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងបានបាញ់ព្រមានទៅលើអាកាស ក្នុងពេលប្រឈមមុខដាក់គ្នា ជាមួយកងទ័ពចិន នៅតាមបណ្តោយព្រំដែនមានជម្លោះកាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំពេលភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងសាជាថ្មីម្តងទៀត។
ជុំវិញបញ្ហាខាងលើនេះ អ្នកនាំពាក្យកងទ័ពចិនប្រចាំភូមិភាគខាងលិច លោក ចាង ស៊ុយលី (Zhang Shuili) បានគូសបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើគេហទំព័រព័ត៌មានផ្លូវការ របស់កងទ័ពចិននៅព្រឹកថ្ងៃអង្គារនេះថា កងកម្លាំងការពារព្រំដែនចិន បានចាត់វិធានការតបតភ្លាមៗ ដើម្បីរក្សាស្ថានការណ៍ ឲ្យមានស្ថេរភាពដូចដើមវិញ។ ទោះជាយ៉ាងណា ចិនមិនបានបញ្ជាក់ច្បាស់ថា តើវិធានការអ្វីឲ្យប្រាកដនោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។