កម្ពុជា ចែក​បទពិសោធន៍ ក្នុងការ​ចាប់ផ្តើម​ទេស​ចរណ៍​ក្នុងស្រុក​ឡើងវិញ​

​ភ្នំពេញ​៖ នា​សិក្ខាសាលា​ទេសចរណ៍​អាស៊ាន​-​កូរ៉េ ស្តីពី​ការ​ស្តារឡើងវិញ​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ «​ទេសចរណ៍​ឆ្លាត​វៃ​សម្រាប់​អាស៊ាន និង​កូរ៉េ​» កាលពី​រសៀល​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ដល់​ប្រទេស​សមាជិក​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ទេសចរណ៍​ផ្ទៃក្នុង ក្រោម​ការអនុវត្ត​វិធាន​សុវត្ថិភាព​ដ៏​មាន​ប្រសិទ្ធភាព​របស់​ក្រសួងទេសចរណ៍​។​

​ជា​លទ្ធផល កម្ពុជា​ទទួលបាន​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ ១.៥​លាន​នាក់ ក្នុងកំលុងពេល​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ រយៈពេល​៥​ថ្ងៃ ដែល​រក​ចំណូល​ចូល​ថវិកា​ជាតិប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក ដោយ​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក​។​

​ឯកឧត្ដម ថោង រដ្ឋ​សក្តិ ក៏បាន​បន្តថា ក្នុងនាម​កម្ពុជា​ជា​ប្រធាន​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន ប្រទេស​សមាជិក​អាស៊ាន​បានស្នើ​កម្ពុជា​ដឹកនាំ ក្នុងការ​រៀបចំ​វិធាន​សុវត្ថិភាព និង​អនាម័យ​អាស៊ាន សម្រាប់​អ្នកបម្រើ​ការងារ និង​សហគមន៍​អាស៊ាន និង​រៀបចំ​បង្កើត​ផែនការ​ស្តារឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

​ឯកឧត្ដម​អគ្គនាយក ក៏បាន​សង្ខេប​ជូន​អង្គប្រជុំ​ថា ដើម្បី​ជំរុញ​ទំនុកចិត្ត​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​អាស៊ាន ដែល​ប្រទេស​សមាជិក​អាស៊ាន​ក៏បាន​សម្រេច​រៀបចំ​៖
​ទី​១៖ ផែនការ​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​អាស៊ាន​បន្ទាប់ពី Covid-19
​ទី​២៖ គោលការណ៍​ណែនាំ​រួម​អាស៊ាន​ស្តីពី​សុវត្ថិភាព និង​អនាម័យ​ក្នុង​វិស័យ​ទេសចរណ៍​អាស៊ាន​
​ទី​៣៖ រៀបចំ ASEAN Travel Bubble Scheme​។​

​គួរ​បញ្ជាក់ថា សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​-​កូរ៉េ និង​ផ្នែក​ឯកជន​មួយចំនួន រួមមាន​៖ លោក លី ហ៉ី​យុក (Lee Hyuk) អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ លោក បេ​នី​តូ ស៊ី បេង​ហ្សន ជេ​អរ (Benito C. Bengzon JR) អនុរដ្ឋលេខាធិការ​ទេស​ចរណ៍​ហ្វីលីពីន លោក ហ៊ែ​រី ហ្វា​ង (Harry Hwang) នាយក​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UNWTO) និង​អគ្គរដ្ឋទូត​នៃ​ប្រទេស​អាស៊ាន​ទាំង ១០ ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​សរុប​ប្រមាណ ៦០​រូប​។​

​សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​វិស័យ​ទេសចរណ៍ ដែល​ផ្តោត​សំខាន់​ទៅលើ​ទេសចរណ៍​ក្នុងប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​កូរ៉េខាងត្បូង ចែករំលែក​ព័ត៌មាន​ថ្មីៗ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ ដែល​បាន​អនុវត្ត​ដោយ​ស្ថាប័នរដ្ឋ និង​ឯកជន ក្នុងការ​បង្កើត​ឲ្យ​មាន​ឡើងវិញ​នូវ​ទំនាក់ទំនង​ទេសចរណ៍​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​កូរ៉េ ជាពិសេស​តាមរយៈ​ទេសចរណ៍​ឆ្លាត​វៃ (Smart Tourism)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close