មន្ត្រីនគរបាល​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្តរ​ស័​ក្កិ គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​នរគ​បាល​ខេត្តសៀមរាប បានរៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខដំណែង និង​បំពាក់​ឋានន្តរ​ស័​ក្កិ គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ពៅ ពិសិដ្ឋ​អភិបាលរង​ខេត្ត តំណាង ឯកឧត្ដម ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ នៅតាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីនគរបាល​ជាច្រើនរូប​។​

​លោក ពៅ ពិសិដ្ឋ និង ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល បាន​សំដែង​នូវ​ការអបអរ​សារ​ទរ ដល់​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​ត្រូវបាន​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ប្រគល់​តួនាទី បំពាក់​ឋានន្តរ​ស័​ក្កិ បំពាក់​គ្រឿង​ឥស្សរិយយស ប្រគល់​ប័ណ្ណសរសើរ​ជូន ជាការ​លើកទឹកចិត្ត ចំពោះ​ការខិតខំ​ប្រឹងប្រែង ក្នុងការ​ការពារ​សន្តិ​សុខ​ជូន​ជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ​កន្លងមក​។​

​ជាមួយគ្នានេះ នាយ​នគរបាល និង​ពល​នគរបាល​យើង ត្រូវ​រួបរួមគ្នា​ធ្វើ​ការងារ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ខិតខំ​ទប់ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស​នានា ដូចជា ការជួញដូរ​គ្រឿងញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ បទល្មើស​នេសាទ និង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close