រថយន្តធំ ក្រឡាប់លើរថយន្តតូច រងរបួសធ្ងន់២នាក់ នៅលើផ្លូវជាតិ៤៨

ខេត្តកោះកុង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តធំ១គ្រឿង ក្រឡាប់សង្កត់លើរថយន្តតូច បណ្តាលឲ្យមនុស្សចំនួន ២នាក់រងរបួសធ្ងន់។ ករណីនេះ កើតឡើងកាលពីថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គេឃើញមានរថយន្ត១គ្រឿង ម៉ាកHyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F 0549 បើកបរដោយឈ្មោះ វ៉ន វល័ក្ខ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ខេត្តតាកែវ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា លុះដល់ចំណុចខាងលើរថយន្តជ្រុលចង្កូត ក្រឡាប់ដោយខ្លួនឯង ក៏បោកសង្កត់មកលើរថយន្ត១គ្រឿងទៀត ម៉ាកកាម៉ារី ពណ៌ស ពាក់ស្លាកលេខ 2C 4823 បើកបរដោយឈ្មោះ ចាន់ ថា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ខេត្តកោះកុង បណ្តាលឲ្យមានមនុស្សរងរបួសតែម្តង។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពអណ្តូងទឹក ចំណែកឯ វត្ថុតាង បានយកទៅរក្សាទុកនៅអធិការរដ្ឋាន នគរបាលស្រុកបូទុមសាគរ រងចាំការដោះស្រាយបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។