មេដឹកនាំកូរ៉េខាងជើង បញ្ជាឲ្យស្តារការខូចខាតពីព្យុះសង្ឃរាឲ្យអស់ ត្រឹមថ្ងៃខួបបង្កើតបក្សពលករ

កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានដឹកនាំកិច្ចប្រជុំគណបក្សពលករ កាលពីថ្ងៃម្សិញមិញនេះ ផ្តោតលើការស្តារឡើងវិញនូវតំបន់ដែលរងផលប៉ះពាល់ដោយសារតែព្យុះសង្ឃរាជាបន្តបន្ទាប់នៅកូរ៉េខាងជើង។
នាឳកាសនោះ លោកបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងចាំបាច់ត្រូវតែសាងសង់លំនៅដ្ឋាន និងស្តារប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ មានដូចជាផ្លូវថ្នល់ ផ្លូវរថភ្លើងជាដើម ឲ្យរួចរាល់នៅត្រឹមថ្ងៃទី១០ តុលា ដែលជាថ្ងៃត្រូវប្រារព្ធខួបបង្កើតគណបក្សពលករ។
លោក គីម ជុងអ៊ុន ក៏ប្រកាសដែរថា លោកនឹងពិចារណាឡើងវិញ នូវគម្រោងចុងឆ្នាំនានា ក្រោយព្យុះសង្ឃរាដែលបានវាយប្រហារតំបន់ជាច្រើននៅកូរ៉េខាងជើង ក្នុងនោះ មាន៩ព្យុះសង្ឃរាហើយដែលបានវាយប្រហារកូរ៉េខាងជើង ក្នុងរដូវកាលនេះ ដោយមានការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រមាណជាង២ពាន់ផ្ទះ ដួលរលំអគារសាធារណៈ ផ្លូវថ្នល់ និងរលំស្ពាន៥៩កន្លែង នេះបើតាមសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA ៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។