លោក រស់ ចន្ត្រាបុត្រ៖ ការនិយមបរទេសពេក ជំរុញឲ្យខ្មែរ ភ្លេចតម្លៃអ្នកប្រាជ្ញខ្មែរ
លោក រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ឌិត បានលើកឡើងកាលពីពេលថ្មីៗនេះថា សង្គមខ្មែរបច្ចុប្បន្ននេះ ហាក់ដូចជាមិនស្គាល់អត្តសញ្ញាណរបស់ខ្លួនឲ្យច្បាស់លាស់នោះទេ។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ ថែមទាំងត្អួញត្អែរថា ការនិយមបរទេសពេក បានជំរុញឲ្យមនុស្សខ្មែរ ភ្លេចតម្លៃអ្នកប្រាជ្ញ និងបញ្ញវន្តខ្មែរ ព្រមទាំងអ្វីៗដែលជាខ្មែរទៀតផង។
អត្ថបទខាងក្រោមនេះ គឺជាការដកស្រង់ផ្នែកមួយនៃសៀវភៅ៖«ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា» ដែលនិពន្ធដោយ បណ្ឌិត រស់ ចន្ត្រាបុត្រ៖
គេស្គាល់អង្គរមែន តែគេមិនស្គាល់អ្វីដែលមានក្នុងថ្មមួយដុំៗ ដែលកសាងឡើងចេញជាប្រាសាទ និងជាមោទនភាពខ្មែរឡើយ។ គេដឹងថា ខ្មែរជាមហាអំណាច និងជាចក្រភពមួយដ៏អស្ចារ្យនៅតំបន់អាស៊ីអាគ្នេយ៍ តែគេមិនដឹងថា អ្វីជាកម្លាំង និងឥទ្ធិពលរបស់ជីដូនជីតាខ្មែរឡើយ។
គេដឹងថា រាជធានីលង្វែកត្រូវខ្ចាត់ខ្ចាយបាត់បង់ ធ្វើឲ្យខ្មែរអាប់កិត្តិយស ចុះទន់ខ្សោយដោយសារតែខ្មែរស្រឡាញ់«ប្រាក់ឌួង»គិតផលប្រយោជន៍ផ្ទាល់ខ្លួន។ គេដឹង គេឮ គេរៀនយល់ថា ចក្រភពខ្មែរត្រូវរលាយបន្តិចម្តងៗ ដោយសារតែខ្មែរបែកបាក់សាមគ្គី ដណ្តើមអំណាចគ្នា តែគេនាំគ្នាដើរជាន់ដាននេះទៅវិញ។
ភាពអន់ ទន់ខ្សោយ អាប់កិត្តិយស ធ្វើឲ្យខ្មែរមិនចង់ដឹង មិនចង់ស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន ឬ អត្តសញ្ញាណរបស់ខ្លួន។ អ្នកខ្លះគេសវេសការពិតក្នុងប្រវត្តិសាស្ត្ររហូតដល់ពោលពាក្យថា«មិនចង់កើតជាខ្មែរ»។
កាលណាខ្មែរមើលឃើញ និងយល់ដូចនេះ គេនាំគ្នាមិនឲ្យតម្លៃ ឬ តបស្នងសងគុណលើទឹកដីដែលផ្តល់កំណើតដល់ខ្លួននោះទេ។ ចំពោះគេ ខ្មែរគឺអន់ អាក្រក់ ថោកទាប មិនល្អ មិនជឿនលឿន និងគ្មានសមត្ថភាព។ គេបែរជានាំគ្នាអួតសរសើរ គោរពឲ្យតម្លៃទៅលើអ្វីដែលជាបរទេស។
ក្នុងបរិបទនេះ យើងកត់សម្គាល់ឃើញជនជាតិខ្មែរ ជាពិសេសក្រុមយុវជន តែងតែសប្បាយរីករាយក្នុងការទទួលយកវប្បធម៌បរទេស។ ប្រព័ន្ធផ្សព្វផ្សាយខ្មែរ ក្នុងគោលដៅដណ្តើមទីផ្សារ សម្របសម្រួលកម្មវិធីក្នុងមាគ៌ាតែមួយ។ អត្តសញ្ញាណខ្មែរ ត្រូវគេបោះបង់ចោល។ អ្វីដែលចេញមកពីបរទេស ខ្មែរយល់ថាសុទ្ធតែទំនើប ល្អ ទាន់សម័យ ទាំងស្លៀកពាក់ ទាំងនិយាយ ទាំងហូបចុក ទាំងដើរដេកជាដើម។ រូបភាពនេះ អាចប្រដូចខ្មែរទៅពាងទឹកមួយដែលគ្មានទឹក ដល់គេចាក់ទឹកអ្វីចូលក៏ទទួលបានទាំងអស់ ទាំងអាក្រក់ ទាំងល្អ ធ្វើឲ្យសង្គមខ្មែរឡប់វាលអស់។
មិនតែប៉ុណ្ណោះ អ្នកនយោបាយ អ្នកតូច អ្នកធំខ្មែរ តែងតែឲ្យតម្លៃលើបរទេសស្បែកស និង«ម៉ូដែលអាមេរិកាំង» ដែលគេចាត់ទុកថា ជាកំពូលវប្បធម៌ ដែលត្រូវតែចម្លងតាមឲ្យដូច ហើយយកមកអនុវត្តក្នុងទឹកដីកម្ពុជា។
អ្នកទាំងនោះ មិនដែលឲ្យតម្លៃអ្នកប្រាជ្ញ និងបញ្ញវន្តខ្មែរទេ។ គេនាំគ្នាជឿតែលើបរទេស ដែលគេយល់ថា ជាអ្នកមានសមត្ថភាព ជាអាទិទេពចេះគ្រប់សព្វ ហើយប្រាក់ខែ ប្រាប់បំណាច់ច្រើនលើសលុបលើសខ្មែរទៅទៀតក្នុងការងារដូចគ្នា។ គេយល់ និងជឿថា ខ្មែរមិនកើត និងគ្មានសមត្ថភាព។
តាមការកត់សម្គាល់ឃើញផ្ទាល់ភ្នែករបស់អ្នកនិពន្ធ គ្រាន់តែឃើញកូនក្មេងស្បែកស ច្រមុះស្រួចម្នាក់ អ្នកនយោបាយខ្មែរគោរពឲ្យតម្លៃ ទៅគួរសមរាក់ទាក់ជាងបញ្ញវន្តខ្មែរ ដែលគោរពគាត់ទៅទៀត។ ខ្មែរយល់ថា ជនបរទេសស្បែកស ចេះដឹងពូកែជាងកូនខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។