តម្លៃប្រេងឆៅ បន្តកើនជាង ២ភាគរយ នៅដើមសប្តាហ៍នេះ
តម្លៃប្រេងបានកើនឡើងជាង ២ភាគរយ នៅក្នុងការជួញដូរពេលព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីអ៉ីស្រាអែលបញ្ជាឱ្យកងទ័ពផ្លាស់ទីបន្ថែមទៀត ចូលទៅលីបង់ ក្នុងសមរភូមិប្រយុទ្ធ ជាមួយក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បើទោះបីជាមានការប្រកាសបទឈប់បាញ់គ្នា តាំងពី ៦សប្តាហ៍មុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent មានតម្លៃ ៩៣.២៨ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២.៣៧ភាគរយ។ រីឯប្រេងឆៅអាមេរិក WTI មានតម្លៃ ៨៩.៧៣ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២.៧១ភាគរយ។
ការប្រយុទ្ធគ្នាកាន់តែខ្លាំងបានកើតឡើងភ្លាមៗ ក្រោយសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាព រវាងអ៉ីស្រាអែល និងលីបង់ នៅទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃសុក្រ។ ប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោកនឹងសម្រេចចិត្តឆាប់ៗ ដើម្បីពន្យារពេលបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ហើយអ៉ីស្រាអែល នឹងផ្នែកសំខាន់នៃកិច្ចព្រមព្រៀង ខណៈដែលអ៉ីរ៉ង់ក៏បាននិយាយម្តងហើយម្តងទៀតថា ក្រុមហេសបូឡា ក៏ត្រូវតែរួមបញ្ចូល។
អ្នកវិភាគនិយាយថា ទន្ទឹមនឹងក្តីបារម្ភកើនឡើង ជុំវិញបញ្ហាគ្រាប់មីននៅក្នុងផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័ននៃច្រកសមុទ្រ Hormuz អាចធ្វើឱ្យដំណើរការបើកច្រកនេះឡើងវិញ មានភាពយឺតយាវ និងមានន័យថា ភាពធូរស្បើយកើតឡើងយឺតជាងការបើកទីផ្សារប្រេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។