ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទ បានមូលមតិគ្នាជាឯកច្ឆន្ទអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។
លោកបានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងជនរួមជាតិទាំងនៅទីជិតទីឆ្ងាយឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ និងជាពិសេសអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារជំងឺឆ្លងកូវីដ-១៩។ ចំពោះពិធីកាន់បិណ្ឌថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីសូមឲ្យថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទទាំងអស់ទទួលយកពរសព្វសាធុការផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន។ បច្ច័យ ទេយ្យវត្ថុ និងទេយ្យទានជាច្រើនបាននាំយកមកប្រគេនព្រះចៅអធិការ ព្រមទាំងព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមង្គលសិរីកៀនឃ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។