កម្ពុជា និង​គុយបា ពិភាក្សា​ការងារ​ពង្រឹង​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី នៃ​សាធារណរដ្ឋ​គុយបា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ស្វាគមន៍​ចំពោះ​លោកជំទាវ​ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​គុយបា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​គុយបា​ផងដែរ ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​មក​កម្ពុជា​លើ​វិស័យ​កសិកម្ម តាមរយៈ​ការផ្តល់​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​គុយបា​ដល់​មន្ត្រី​ក្រសួង ដើម្បី​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​។ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា បេស​សកម្ម​របស់លោក​ជំទាវ​នៅ​កម្ពុជា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ទស្សនវិស័យ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។

​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដោយ​ភាគី​គុយបា បាន​ខិតខំ​ប្រឹងប្រែង​ចែករំលែក​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​ការងារ​ជាច្រើន​ដល់​មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើ​ផ្នែក​ដាំ​ដុះ ផលិតកម្ម​សត្វ និង​វារីវប្បកម្ម ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ​គឺ ដោយសារ​ស្ថានភាព​បច្ចុប្បន្ន​​ការគោរព​ចំណងមិត្តភាព​ខួប​លើក​ទី​៦០ នៃ​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​គឺ​មិនអាច​ប្រព្រឹត្តទៅបាន​។

ពាក់ព័ន្ធ​នឹង​ប្រធានបទ​ខាងលើ លោកជំទាវ​ក៏បាន​ធ្វើការ​កោតសរសើ​រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ចំណាត់ការ និង​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ​វីរុស​កូ​វីដ​-១៩ និង​រក្សាបាន​នូវ​សន្តិសុខ​ស្បៀង​។ លោកជំទាវ​ក៏បាន​បន្ថែម​ផងដែរ​ថា ប្រទេស​គុយបា​បាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វាក់​សាំង​ការពារ​ជំងឺ​វីរុស​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ ហើយ​សង្ឃឹមថានឹង​អាច​ដាក់ចេញ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​គុយបា ជាពិសេស​ក្នុង​វិស័យ​សុខាភិបាល ដោយបាន​បង្កើត​វាក់​សាំង​ការពារ​ជំងឺ​វីរុស​កូ​វីដ​-១៩ ហើយ​សង្ឃឹមថា ប្រទេស​គុយបា​នឹង​អាច​ចែករំលែក​វាក់​សាំង​ការពារ​នេះ​មក​កម្ពុជា​នាពេលខាងមុខ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា ជំងឺ​វីរុស​កូ​វីដ​-១៩ នេះ​ប្រាកដ​ណាស់​បាន​បង្អាក់ដំណើរ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ភាពជឿជាក់​លើ​សមត្ថភាព​គ្រប់គ្រង​របស់ខ្លួន និង​បាន​ឆ្លើយតប​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹងនេះ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​អាច​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ថ្នាក់​បច្ចេកទេស ដើម្បី​ឲ្យ​ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ​ពិនិត្យ និង​ពិចារណា​លើ​ការ​ធ្វើក​សិ​-​ពាណិជ្ជកម្ម ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​លើ​ការធ្វើ​ទំនើបកម្ម​កសិកម្ម បច្ចេកវិទ្យា​ទំនើប ជាពិសេស​លើ​ដំណាំ​អំពៅ និង​ដំណាំ​កសិកម្ម​ផ្សេងទៀត​ដែលមាន​សក្តា​នុ​ពុល ដើម្បី​រុញ​កំណើន​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​រីកចម្រើន​។

​ជាការ​ឆ្លើយតប លោកជំទាវ​បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៃ​ប្រទេស​ទាំងពីរ​។ លោកជំទាវ​សន្យាថា នឹង​ប្រឹងប្រែង​អស់​លទ្ធភាព​ដើម្បី​រឺត​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close