អត្ថន័យសំខាន់នៃការដើរដង្ហែជាក្បួន ក្នុងថ្ងៃបុណ្យ មាឃបូជា
ការចូលរួមដើរដង្ហែជាក្បួន ក្នុងថ្ងៃបុណ្យ មាឃបូជា គគ្រឹកគគ្រេងរៀងរាល់ឆ្នាំ គឺដើម្បីដាស់សតិអារម្មណ៍អ្នកដែលនៅតាមផ្ទះ ស្រុកភូមិ ងាកមកចាប់អារម្មណ៍ ឆ្ងល់ សួរ និងចង់ដឹងអំពីពិធីបុណ្យ ដែលជាឱកាសមួយផ្សព្វផ្សាយទៅកាន់ពុទ្ធបរិស័ទ។ នេះបើតាម ភិក្ខុ លី ប៊ុណ្ណារិទ្ធ ជាព្រះគ្រូសូត្រស្ដាំនៃ វត្តព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ព្រះភិក្ខុ គង់នៅវត្តព្រែកអំបិល បានមានដីកាថា៖ ” បើសិន ជាការប្រារព្ធពិធីបុណ្យប្រព្រឹត្តទៅតែក្នុងវត្តទេ នោះពិធីបុណ្យ នឹងដឹងតែមនុស្សដែលចូលរួមនៅក្នុងវត្តប៉ុណ្ណោះ ផ្ទុយទៅវិញ ការដើរដង្ហែក្បួន គគ្រឹកគគ្រេងនោះគឺដើម្បីដាស់សតិអារម្មណ៍អ្នកដែលនៅតាមផ្ទះ ហ្នឹងឲ្យគាត់ងាកមកចាប់អារម្មណ៍ ឆ្ងល់ សួរ និងចង់ដឹង ដែលជាឱកាសមួយផ្សព្វផ្សាយទៅកាន់ពុទ្ធបរិស័ទ។”
ព្រះគ្រូសូត្រស្ដាំក៏មានសង្ឃដីកាបន្ថែមថា ការដើរដង្ហែក្បួននោះផងដែរ គឺជាការជួបប្រជុំគ្នាដ៏ធំ តាំងពីបុរាណកាល រហូតដល់បច្ចុប្បន្ន គឺដើម្បីរំលឹកគុណ ដល់សេចក្ដីល្អរបស់ ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានបំពេញនូវពុទ្ធកិច្ចផ្សេងៗ ដោយយកថ្ងៃ១៥ កើតខែមាឃ ជាថ្ងៃជួបជុំ។
ចំពោះការដើរដង្ហែ មានពុទ្ធបរិស័ទស្លៀកសំលៀកបំពាក់ព័ណ៌ស ដើម្បីបង្ហាញពីភាពស្អាតសមរម្យ ក្នុងថ្ងៃពិសេសនោះ ហើយដង្ហែជាក្បួនដែលមានផ្កាភ្ញី គ្រឿងក្រអូប គ្រឿងសក្ការៈ នៅតាមដងផ្លូវនានា ដើម្បីពញ្ញាក់ស្មារតីដល់ពុទ្ធបរិស័ទនៅតាមស្រុកភូមិ។
តាមសង្ឃដីការបស់ព្រះគ្រូ លី ប៊ុណ្ណារិទ្ធ ពិធីបុណ្យមាឃបូជា ជាពិធីជួបជុំដ៏ធំមួយសម្រាប់ពុទ្ធសាសនា ឬហៅថា មហាមាឃបូជា ដោយមនុស្សទូទាំងប្រទេសបានឈប់សម្រាកពីការងារ ដើម្បីបើកឱកាសឲ្យ មានការជួបជុំគ្នា។ ហើយពិធីបុណ្យនេះ គឺប្រារព្ធឡើងសម្រាប់រំលឹកដល់កិច្ចសំខាន់បីធំៗ គឺ៖
ការប្រជុំពុទ្ធបរិស័ទ
ព្រះពុទ្ធសម្ដែងឱវាទ ខ្លឹមសារសំខាន់នៃព្រះធម៌
ថ្ងៃដែលព្រះពុទ្ធដាក់ព្រះជនសង្ខារ បរិនិព្វាន
តាមការបន្ថែមរបស់ព្រះគ្រូសូត្រស្ដាំខាងលើដដែល ថា នាថ្ងៃស្អែក នៅវត្តព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល នឹងប្រារព្ធពិធីដង្ហែក្បួន ក្នុងថ្ងៃបុណ្យ មាឃបូជានោះ។ ដោយមានការចូលរួមពីសិស្សានុសិស្ស ក្រុមយុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម យុវជនឯកសណ្ឋានអាវសប្រចាំវត្តពុទ្ធបរិស័ទលោកគ្រូ អ្នកគ្រូមេឃុំ និងមេភូមិ ផងដែរ។
នៅម៉ោង២រសៀល នឹងមានការជួបជុំគ្នា ដើម្បីរៀបចំក្បួន ហែរផែនផ្កា ផែនព្រះពុទ្ធរូប នៅម៉ោង៣រសៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។