ឯកឧត្តម កែវ រតនៈ ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​គន្លង​ខ្សែកាប​កប់​ដី​តង់ស្យុង​ខ្ពស់ នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​ប្រជុំ​ដោះស្រាយ​គន្លង​ខ្សែកាប​កប់​ដី​តង់ស្យុង​ខ្ពស់ ១១៥​គីឡូវ៉ុល និង​ខ្សែបណ្ដាញ​បញ្ជូន​អាកាស​តង់ស្យុង​ខ្ពស់ ១១៥​គីឡូវ៉ុល នឹង ២៣០​គីឡូវ៉ុល ក្នុង​ក្របខ័ណ្ឌ​គម្រោង​សាងសង់​អនុ​ស្ថានីយ៍ និង​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់​ក្នុង​ក្រុង​ព្រះ​ស៊ី​ហ​នុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក លោកស្រី​ជា​អភិបាលរងក្រុង ស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ផ្តល់​ថវិកា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការចូល​សហ​ការ​ពី​អគ្គិសនី​កម្ពុជា ធ្វើឱ្យ​ការសាងសង់​ប្រព្រឹត្ត​ទៅដោយ​រលូន ។ ​រាជរដ្ឋាភិបាល​បានកំណត់​អាទិភាព​ក្នុងការ​អភិវឌ្ឍ​ប្រទេស​គឺ​កត្តា​ធនធានមនុស្ស ផ្លូវ ទឹក និង​ភ្លើង ដើម្បី​ជាការ​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​នៃ​ការអភិវឌ្ឍ​ជំ​ុ​រុញ​កំណើន​សេដ្ឋកិច្ចជាតិ ម្យ៉ាងទៀត​អគ្គិសនី​ក៍បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​កំណើនសេដ្ឋកិច្ច​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ៩០​ភាគរយ មាន​អគ្គិសនី​ប្រើប្រាស់​។

ខេត្ត​ព្រះសីហនុ មាន​មោទនភាព​ជា​ខេត្ត​ផលិត​អគ្គិសនី​ចែកចាយ​ទៅ​បណ្ដាញ​មេ​របស់​អគ្គិសនី​កម្ពុជា និង​បញ្ជូន​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន​។ បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ មាន​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ប្រមាណ​ជាង ១០០​មេ​ហ្កា​វ៉ា​ត់ តែ​ខេត្ត​ព្រះសីហនុ តែ​ខេត្ត​ផលិតផល​ថាមពល​អគ្គិសនី​បាន ១,០០០​មេ​ហ្កា​វ៉ា​ត់ ភ្លើង​ដែល​នៅសល់​ត្រូវបញ្ជូន​តាម​បណ្តាញ​ខ្សែ​មេ​ទៅ​ខ្សែបណ្តាញ​ខ្សែ​ជាតិ ទោះបី​ការអភិវឌ្ឍ​ផ្លូវ ៣៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ មាន​ផលប៉ះពាល់​ដល់​អគ្គិសនី យើង​បាន​រួមគ្នា​ដោះស្រាយ​ប្រកបដោយ​តម្លាភាព និង​ទាន់ពេលវេលា​។​

​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ថា​ការអភិវឌ្ឍ​អគ្គិសនី​ធ្វើឱ្យ​ភ្លើង​ចុះថ្លៃ​នៅ​ទូទាំងប្រទេស​។ ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​អគារ​ធំៗ​យ៉ាងគំហុក​បរិមាណ​កា​រ​ប្រើប្រាស់​អគ្គិសនី​មានការ​កើនឡើង ចំណុច​សំខាន់​យើង​ត្រូវធ្វើ​ការដោះស្រាយ​អគ្គិសនី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ក៍​ដូចជា​អ្នកវិនិយោគ ។​

​ឯកឧត្តម ព្រមទាំង​ស្នើសុំ​ឱ្យ​អាជ្ញាធរខេត្ត ជួយ​សម្របសម្រួល​ក្នុងការ​ត​បណ្តាញ​គន្លង​ខ្សែកាប​កប់​ដី​តង់ស្យុង​ខ្ពស់ ១១៥​គីឡូវ៉ុល និង​ខ្សែបណ្ដាញ​បញ្ជូន​អាកា​សតង់ ស្យុ​ង​ខ្ពស់ ១១៥​គីឡូវ៉ុល នឹង ២៣០​គីឡូវ៉ុល ក្នុង​ក្របខ័ណ្ឌ​គម្រោង​សាងសង់​អនុ​ស្ថានីយ៍ និង​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​ធានាថា​ប្រជាជន និង​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​តាម​តម្រូវការ​នៅពេល​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close