ក្រុងដាណាង បើកដំណើរការឆ្នេរ អាហារដ្ឋានឡើងវិញ បន្ទាប់ពីគ្មានករណីឆ្លងថ្មី

វៀតណាម៖ អាជ្ញាធរក្នុងទីក្រុងដាណាង ប្រទេសវៀតណាមនឹងបើកដំណើរការឡើងវិញនូវតំបន់ឆ្នេរសមុទ្រ និងអនុញ្ញាតឲ្យបើកទ្វារចំពោះភោជនីយដ្ឋាន និងអាហារដ្ឋានានាឡើងវិញដែរ ចាប់ពីថ្ងៃសុក្រ ទី១១ កញ្ញានេះ។

ក្រុងដាណាង ដែលជាតំបន់ផ្ទុះកូវីដ១៩ខ្លាំង ជាពិសេស ជាទីមានឆ្លងក្នុងសហគមន៍ជាថ្មី កាលពីចុងខែកក្កដានោះ លែងមានការឆ្លងក្នុងស្រុក រយៈពេល១៣ថ្ងៃមកហើយ ខណៈដែលមនុស្សប្រមាណ៧២០០០នាក់ ដែលត្រូវបានធ្វើចត្តាឡីស័ក ដោយសារមានការប៉ះពាល់ផ្ទាល់ជាមួយសាច់ញាតិនៅដាណាងនោះ បានតេស្តរកមិនឃើញមានផ្ទុះកូវីដ១៩ទេ នេះបើតាមគណៈកម្មការទប់ស្កាត់និងប្រឆាំងកូវីដ១៩របស់វៀតណាម។
យ៉ាងណាក៏ដោយ សេវាកម្មផ្សេងៗទៀត ដូចជាខារ៉ាអូខេ បារ កន្លែងរាំកម្សាន្ត និងហាងអ៊ីនធឺណេតព្រមទាំងសេវាកម្មទាក់ទងនឹងកីឡាផ្សេងៗ ដូចជាកន្លែង gym ជាដើមនៅតែបិទទ្វារដដែល។
សូមបញ្ជាក់ថា វៀតណាមចាប់ផ្តើមមានមនុស្សស្លាប់ ក្រោយផ្ទុះជាថ្មីនៅក្រុងដាណាង កាលពីថ្ងៃទី២៥ កក្កដា ហើយការឆ្លងក្នុងស្រុកបន្តកើនឡើងជាបន្តបន្ទាប់ មុនពេលលែងឆ្លងថ្មី ១៣ថ្ងៃចុងក្រោយមកនេះ។ វៀតណាមមានករណីកូវីដ១៩ សរុប១០៥៩នាក់ ខណៈដែលអ្នកជំងឺ១៣១នាក់កំពុងសម្រាកព្យាបាល ហើយអ្នកស្លាប់មាន៣៥នាក់ ក្រៅពីនេះ ជាសះស្បើយអស់ហើយ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។