លោក គួច ចំរើន អន្តរាគមន៍​សង្គ្រោះ​ភ្ញៀវ​ទេសចរណ៍ ជាប់គាំង​នៅតាម​បណ្តា​កោះ ដោយសារ​ឥទ្ធិពល​ព្យុះ

​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​កិច្ច​អន្តរាគមន៍ ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ដែល​ជាប់គាំង​នៅតាម​បណ្តា​កោះ នៃ​ខេត្ត​ព្រះសីហនុ​រយៈពេល​០៣​ថ្ងៃ​កន្លងមក ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​១១ ឈ្មោះ (​នូ​ល​) មាន​ភ្លៀង ខ្យល់​កន្ត្រាក់ រលក​សមុទ្រ​ខ្ពស់ៗ​មិនអាច​ឱ្យ​ទូក​កាណូត ឬ​អូ​ប៊័រ ធ្វើដំណើរ​នៅលើ​ផ្ទៃសមុទ្រ​បាន​។

​សូមជម្រាបថា ប្រតិបត្តិការ​នេះ បានចាប់ផ្តើម​ធ្វើឡើង​នៅ​ម៉ោង​១០​ព្រឹក​រហូតដល់​ម៉ោង​១៥ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់​កាណូត​ល្បឿន​លឿន​ចំនួន​១៨​គ្រឿង ចេញ​ដឹកជញ្ជូន​ចំនួន​២៦​ជើង​។

​ក្នុងនោះ​ភ្ញៀវ​ទេសចរណ៍​មាន​ចំនួន​សរុប ១៣៩១​នាក់ ស្រី​៥៩៥​នាក់ ក្មេង​អាយុ​ក្រោម​អាយុ​១៥​ឆ្នាំមាន​ចំនួន​១០៩​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​បរទេស​ចំនួន​៣៧៣​នាក់ ស្រី​១៥៤​នាក់ ដែល​ជាប់​នៅលើ​កោះ​ដោយសារ​ព្យុះ​នេះ និង​ត្រូវបាន​ដឹកជញ្ជូន​តាម​កាណូត​ល្បឿន​លឿន មកកាន់​ដីគោក​វិញ​ប្រកបដោយ​សុវត្ថិភាព ក្រោម​ការចូល​រួមសហកា​រ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច មន្ទីរ​អង្គភាព​ពាក់ព័ន្ធ វិស័យ​ឯកជន និង​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close