ទេសចរ​ជាង ១​លាន​នាក់​ ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា ក្នុងអំឡុង​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​បឋម​របស់​មន្ទីរ​ទេស​ចរណ៍​រាជធានី​ខេត្ត បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦-១៨ ខែកញ្ញា ឆ្នាំ​២០២០ អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​ចំនួន​ប្រមាណ ១.១១២.៤០៣ នាក់​។​

​ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​១​លាន​នាក់ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត រួមមាន​៖
* ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ១.១០៥.៦១១ នាក់​
* ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ ៦.៧៩២ នាក់​

​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន រួមមាន​៖
១, ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់​
២, ខេត្តសៀមរាប ១២២.៣៧០ នាក់​
៣, ខេត្តកំពត ៩៤.៤៧៩ នាក់​
៤, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់​
៥, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់​
៦, ខេត្ត​ព្រះសីហនុ ៦៥.៨២៥ នាក់​
៧, ខេត្ត​កែប ៦៨.០៥៤​នាក់​
៨, ខេត្តកណ្តាល ៦២.៧៤១​នាក់​

​ជាការ​គួរកត់សម្គាល់​លើ​ទិដ្ឋភាព​សំខាន់ៗ​ជារួម ដូចខាងក្រោម​៖
* បើទោះបី​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​មួយចំនួន ប៉ុន្តែ​គោលដៅ​ទេសចរណ៍​ភាគច្រើន​នៅតែមាន​ភ្ញៀវទេសចរ កម្សាន្ត​យ៉ាងច្រើន​កុះករ​។​
* ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​ជាទូទៅ​មាន​ភាពល្អប្រសើរ មិនមាន​បញ្ហា ឬ​ការរំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​ទេ​។​
* បញ្ហា​ប្រឈម​ដែល​កើតមានឡើង​កន្លងមក ជាពិសេស​ការគ្រប់គ្រង​តម្លៃ​សេវា និង​បញ្ហា​សំរាម ត្រូវបាន​យកចិត្តទុកដាក់​ដោះស្រាយ​ពី​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ខេត្ត និង​កាត់បន្ថយ​កាន់តែ​ប្រសើរ​សម្រាប់​ពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​
* គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល វិធាន​សុវត្ថិភាព​ទេសចរ​ណ៍ន​ពិសេស​ការ​រំលឹក​ដាស់តឿន ជាប្រចាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​យកចិត្តទុកដាក់​អនុវត្តន៍ នៅតាម​គោលដៅ​ទេសចរណ៍​នានា​បាន​កាន់តែ​ល្អប្រសើរ ស្របតាម​វិធាន​ដែល​បាន​ដាក់ចេញ ក្នុងនោះ​ការរៀបចំ​ប្រដាប់​វាស់​កម្ដៅ អាល់កុល​លាងដៃ ការណែនាំ​ឲ្យ​ពាក់​ម៉ាស និង​អនាម័យ​ក្នុង​បន្ទប់ទឹក ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ​ភាគច្រើន ហើយ​ការយល់ដឹង និង​ការចូលរួម​អនុវត្ត​របស់​ភ្ញៀវទេសចរ​ក៏មាន​ភាព​កាន់តែ​ប្រសើរ​។​

«​ជារួម​ប្រជាជន​នៅតាម​មូលដ្ឋាន និង​វិស័យ​ឯកជន មាន​ភាព​រីករាយ​ជាមួយ​លំហូរ​ភ្ញៀវទេសចរ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ (​បន្ថែម​ពី​ការឈប់​សម្រាក​សង​ចូលឆ្នាំ​ខ្មែរ​កាលពី​ខែសីហា​កន្លងមក​) ដោយ​ការចំណាយ​របស់​ភ្ញៀវទេសចរ បាន​ហូរ​ចូល​ដោយផ្ទាល់​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន​»​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close