រដ្ឋមន្ត្រីក្រសួង​ទេសចរ សូម​ថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើន ក្នុងការ ជួយ​រំដោះ​ភ្ញៀវទេសចរ​ប្រមាណ​ជាង ១០០០​នាក់ ជាប់គាំង​នៅលើ​កោះ

​ភ្នំពេញ​៖ ក្នុងនាម​ក្រសួងទេសចរណ៍ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន សូម​សំដែង​នូវ​ការកោតសរសើរ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​បញ្ជា​កម្លាំង​គ្រប់​សមត្ថកិច្ច មន្ទីរ​ពាក់ព័ន្ធ រួម​ជាមួយនឹង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក ជួយ​រំដោះ​ភ្ញៀវទេសចរ​ប្រមាណ​ជាង ១០០០​នាក់ ដែល​បាន​ជាប់​នៅលើ​កោះ​មួយចំនួន ដោយសារ​ឥទ្ធិពល​ព្យុះ​នូ​ល (Noul) ប្រកបដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​ទាំងនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់ ប្រកបដោយ​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច ផ្នែក​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដែល​បាន​សហការ​យ៉ាង​ល្អ​ជាមួយគ្នា​ក្នុងការ​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀ​រ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​គោលដៅ​ទេសចរណ៍​ក្នុង​មូលដ្ឋាន​ទទួលខុសត្រូវ​របស់ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close