ស្នងការនគរបាលខេត្តកំពង់ធំថ្មី ត្រូវបានប្រកាសតែងតាំង នៅព្រឹកមិញ

ខេត្តកំពង់ធំ៖ ឯកឧត្តមនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងស្នងការដ្ឋាននៃស្នងការខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ ឆ្នាំ២០២០ នៅសាលាខេត្តរកំពង់ធំ។

ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងជាច្រើនរូប។ ដោយក្រសួងមហាផ្ទៃបានសម្រេចតែងតាំងលោកឧត្តម សេនីយទោ ម៉ែនលី មកពីស្នងការខេត្តឧត្តរមានជ័យ មកកាន់ជាស្នងការនៃស្នងការដ្ឋានខេត្តកំពង់ធំ បន្ទាប់ពីស្នងការចាស់ គឺលោក អ៊ុក កុសល ត្រូវបានក្រសួងមហាផ្ទៃសម្រេចដកតំណែងនិងដកឋាន្តរៈសក្តិឲ្យទៅបម្រើការនៅនាយកដ្ឋានបុគ្គលឹកក្រសួងមហាផ្ទៃ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យលោកស្នងការថ្មីមានការសហការគ្នាបានល្អនឹងដឹកនាំអង្កភាពបានរលូនដើម្បីចូលរួមចំណែក ការពារសន្តិសុខសង្គម ការពាររាជរដ្ឋាភិបាល ហើយប្រធានអង្គភាពជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ។
ឯកឧត្តមនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៏លើកឡើងថាសូមលោកស្នងការថ្មីត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុងនិងត្រូវសហការជាមួយអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធជុំវិញខេត្តឲ្យបានល្អជាពិសេសត្រូវលុបបំបាត់វប្បធម៌ ក្តិចត្រួយ ប៉ែងជើងគ្នា និងដើម្បីរកផលប្រយោជន៏ផ្ទាល់ខ្លួននោះឡើយ។

ឯកឧត្តម បានដាស់តឿនដល់ស្នងការថ្មីត្រូវអនុវត្តន៏ខិតខំប្រឹងប្រែងប្តេជ្ញាតាមការសន្យា។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ៗថា នគរបាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ចែករំលែកការងារគ្នាធ្វើទៅតួនាទីដោយមានការសហការគ្នាចាប់ពីមន្ទីរជំនាញពាក់ព័ន្ធក្នុងនោះរួមទាំងប្រជាពលរដ្ឋ ។
ក្នុងនោះនោះឯកឧត្តមបានដាស់តឿនដល់មន្ត្រីនគរបាលទាំងអស់ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋហើយប្រធានអង្គភាពត្រូវគិតគូពីការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងវិន័យការងារនិងមានគុណធម៌ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង លុបចោលជម្ងឺតួឯក ដណ្តើមមុខមាត់ ស្នាដៃ និងត្រូវដោះស្រាយតាមវិន័យតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។