ក្រោយចិនបញ្ចេញសកម្មភាពព្រមាន ពេលនេះតៃវ៉ាន់ប្រកាសថាខ្លួនមានសិទ្ធិការពារ ទប់ស្កាត់ការឈ្លានពាន

កន្លងមកចិនបានបញ្ចេញយន្តហោះជាច្រើនគ្រឿង ទៅក្បែរទឹកដីគោះតៃវ៉ាន់ ក្នុងពេលមន្ត្រីជាន់ខ្ពស់ក្នុងយោអាទស្សនកិច្ចតៃវ៉ាន់ ។ នៅពេលនេះដែរកោះតៃវ៉ាន់ បានប្រកាសថា ខ្លួនមានសិទ្ធការពារទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពាន ។

សារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ បានផ្សាយថា កោះតៃវ៉ាន់នៅថ្ងៃចន្ទនេះបានប្រកាសថា កងកម្លាំងយោធារបស់ខ្លួនមានសិទ្ធិ នៅក្នុងការចាត់វិធានការទប់ទល់ចំពោះការគំរាមកំហែង និងឈ្លានពាននានា។ បើទោះបីជាតៃវ៉ាន់មិនបានបញ្ជាក់ចំៗថាជានរណាជាសត្រូវក៏ដោយ ក៏ការថ្លែងបែបនេះបានកើតមានឡើង ចំពេលដែលប្រទេសចិន កំពុងធ្វើសមយុទ្ធយោធាយ៉ាងគគ្រឹកគគ្រេង នៅក្បែរច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait)។
កោះតៃវ៉ាន់ដែលត្រូវបានចាត់ទុកត្រឹមតែជាខេត្តមួយរបស់ប្រទេសចិននោះ បានបង្ហាញទំនាក់ទំនងកាន់តែបើកចំហ ជាមួយសហរដ្ឋអាមេរិក តាមរយៈការទទួលមន្ត្រីជាន់ខ្ពស់អាមេរិកពីររូប មកបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងទីក្រុងតៃប៉ិកាលពីខែសីហា និងនៅក្នុងខែកញ្ញានេះតែម្តង។ ប្រការនេះបានធ្វើឲ្យទីក្រុងប៉េកាំងចេញសារព្រមានជាច្រើនដង និងបានរៀបចំធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ដែលបាននិងកំពុងធ្វើឲ្យកោះតៃវ៉ាន់ ព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលអាចផ្ទុះសង្គ្រាមឡើង។

បើតាមប្រភពពីក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះច្បាំងចិនជាច្រើនគ្រឿង នៅតែបន្តធ្វើការហោះហើរពីលើខ្សែបន្ទត់បែងចែកដែនទឹកនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចរសើបបំផុតរវាងចិនដីគោក និងកោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍ពីយោធាតៃវ៉ាន់ បានគូសបញ្ជាក់នៅថ្ងៃនេះយ៉ាងដូច្នេះថា «យើងបានធ្វើការកំណត់យ៉ាងច្បាស់លាស់ អំពីរបៀបនៃការឆ្លើយតបទៅនឹងការយាយី និងគំរាមកំហែងជាញឹកញាប់ពីសំណាក់នាវាចម្បាំង និងយន្តហោះរបស់សត្រូវនៅក្នុងឆ្នាំនេះ។ កោះតៃវ៉ាន់មានសិទ្ធិការពារខ្លួន និងទប់ទល់រាល់ការវាយប្រហារ ដោយអនុលោមតាមគោលការណ៍មិនបង្កហេតុ និងមិនបង្កើតជម្លោះមុននោះឡើយ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។