ពិភពលោក​មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ជាង ៣១​លាន​នាក់​, រុស្ស៊ី​ព្រមព្រៀង​លក់​វ៉ាក់សាំង​១,២​ពាន់​លាន​ដូ​ស​

​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។ គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៣១,៤៦៩,៤៩២​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ៩៦៨,៨៥៨​នាក់ និង​ជាសះស្បើយ​ឡើងវិញ ២៣,០៩២,៨១៨​នាក់​។​

​នៅពេលនេះ​រុស្ស៊ី​បាន​ព្រមព្រៀង​លក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ប្រភេទ​Sputnik V ចំនួន​១,២​ពាន់​លាន​ដូ​ស​ដល់​១០​ប្រទេស​ក្នុង​ទ្វីបអាស៊ី អាមេរិក​ខាងត្បូង​និង​មជ្ឈិមបូព៌ា​។ សកម្មភាព​ខាងលើ​នឹង​នាំមក​ឲ្យ​ទីក្រុង​មូ​ស្គូ​នូវ​តម្លៃ​នយោបាយ​និង​សេដ្ឋកិច្ច​។​

​មន្ត្រី​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ពេលនេះ​រុ​ស្សុ​ី​បាន​ព្រមព្រៀង​ជាបឋម​ហើយ ដើម្បី​បញ្ជូន​បច្ចេកវិទ្យា វ៉ាក់សាំង ទៅកាន់​ប្រទេស​ប្រេ​ស៊ី​ល ម៉ិចស៊ីកូ អារ៉ាប៊ីសាអ៊ូឌីត និង​ឥណ្ឌា​។ ក្រៅពីនេះ​ទីក្រុង​មូ​ស្គូ បាន​ឲ្យ​ដឹងថា កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ពិភាក្សា​ជាមួយ​១០​ប្រទេស​ដែលមាន​តម្រូវ​ការទិញ​វ៉ាក់សាំង​ពី​រុស្ស៊ី​។​

​តាម​គម្រោង​វ៉ាក់សាំង​ចំនួន​១,២​ពាន់​លាន​ដូ​ស ប្រភេទ​Sputnik V និង​ត្រូវ​ផលិត​នៅក្រៅ​ប្រទេស​រុស្ស៊ី ហើយ​ចែកចាយ​ទៅកាន់​ប្រទេស​ដែល​បាន​បញ្ជា​ទិញ​។ តាម​គម្រោង​វ៉ាក់សាំង Sputnik V នឹង​ផ្តល់​ទៅ​ឲ្យ​អតិថិជន​ឆាប់​បំផុត​នៅ​ដើមខែ​វិច្ឆិកា​។​

​វ៉ាក់សាំង​Sputnik V គឺ​យកតាម​ឈ្មោះ​ផ្កាយរណប​ដំបូង​បំផុត​លើ​ពិភពលោក​របស់​សហភាព​សូ​វៀត ដែល​បាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់ តារាវិថី​ផែនដី​ក្នុងដំណាក់កាល​នៃ​សង្គ្រាមត្រជាក់​។ ចំណែក​វ៉ាក់សាំង​Sputnik V ក៏​ជា​វ៉ាក់សាំង​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​របស់​រុស្ស៊ី​ផងដែរ​ដែល​រដ្ឋាភិបាល​បានអនុម័ត​កាលពី​ខែសីហា​ឆ្នាំ​២០២០​។​

​តាម​គម្រោង​រុស្ស៊ី​និង​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​-១៩ ដល់​ពលរដ្ឋ​ទាំងអស់​នៅ​ចុងឆ្នាំ​២០២០​នេះ ។ ជាមួយគ្នានេះដែរ ចិន ក៏បាន​សាកល្បង​វ៉ាក់សាំង​កូ​វីដ​-១៩​ដំណាក់កាល​ចុងក្រោយ ដល់​ក្រុម អ្នកស្ម័គ្រចិត្ត​រាប់ពាន់នាក់​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close