ថ្នាក់ដឹកនាំ​ខេត្តកំពង់ស្ពឺ ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​ព្រឹទ្ធសភា​

​ខេត្តកំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ​ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​អគារ (​ខ​) ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ បាន​អញ្ជើញ​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​ព្រឹទ្ធសភា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ម៉ុម ជឹម​ហ៊ុយ ប្រធាន​គណៈកម្មការ ។​

​គោលបំណង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​គឺ​ដើម្បី​ឈ្វេងយល់​អំពី​ការវិវត្ត​រីកចម្រើន​ថ្មី បញ្ហា​ប្រឈម និង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈ​កម្ម​ការ និង​ពិនិត្យ​តាមដាន​ការអនុវត្ត​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឆ្លើយតប​រួមគ្នា​អោយមាន​ប្រសិទ្ធភាព ។​

​មាន​ប្រសា​ន៍​ក្នុងឱកាស​នោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បាន​ជម្រាបជូន​គណៈកម្មការ​អំពី​វិធានការ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុង​ខេត្ត ដែល​កន្លងមក​ដោយមាន​ការចូល​រួមសហការ និង​គាំទ្រ​ជួយឧបត្ថម្ភ​ទាំង​ផ្នែក​ស្មារតី សម្ភារ និង​ថវិកា យ៉ាង​ផុសផុល​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ ជាពិសេស​ការខិតខំ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​គ្រប់ផ្នែក​រួមទាំង​ការផ្សព្វផ្សាយ​អប់រំ ការធ្វើ​ច​ត្តា​ឡី​ស័ក និង​មាន​យន្តការ​ដឹកនាំ​គ្រប់គ្រង​ច្បាស់លាស់ បានធ្វើ​ឲ្យ​កិច្ចការ​នេះ​អនុវត្តបាន​យ៉ាង​ជោគជ័យ​ដែល​អាច​ទប់ស្កាត់បាន​មិន​ឲ្យ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ក្នុង​ខេត្ត​។​

​ទន្ទឹមនឹង​នោះដែរ​ឯក​ឧ​ត្ត​ម វ៉ី សំណាង អភិបាល នៃ​គណ​:​អភិបាលខេត្ត ក៏បាន​រាយការណ៍​អំពី​សភាពការណ៍​ទូទៅ​ក្នុង​ខេត្ត ភាព​រីកចម្រើន និង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាលខេត្ត​សម្រេចបាន​កន្លងមក​។ ឯកឧត្តម បាន​ជម្រាបជូន​បន្ថែម​ពី​ផែនការ ទិសដៅ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​រដ្ឋបាលខេត្ត​បាននិងកំពុង​ខិតខំ​ជំរុញ​ការអភិវឌ្ឍន៍​ជាប្រចាំ​។​

​ក្នុងឱកាស​នោះដែរ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ក៏បាន​រាយការណ៍​លំអិត​អំពី​លទ្ធផល និង​សមិទ្ធផល​សំខាន់ៗ​ជូន​គណៈកម្មការ​បាន​ជ្រាប​ផងដែរ​។​

​ឯកឧត្តម ម៉ម ជឹម​ហ៊ុយ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​ព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ដែល បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​។ ឯកឧត្តម​ក៏បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ សូម​បន្ត​យកចិត្តទុកដាក់​ក្នុង​ការងារ​បន្តទៀត​។​

​ចំណែក​បញ្ហា​ប្រឈម​ដែល​ខេត្ត និង​មន្ទីរ​បានលើកឡើង ឯកឧត្តម​ប្រធាន​គណៈកម្មការ​បានបញ្ជាក់​ថា ឯកឧត្តម នឹង​ពាំ​នាំយក​បញ្ហា ប្រឈម​ទាំងនេះ ជម្រាបជូន​សម្តេច​ប្រធាន​ព្រឹ​ទ្ទ​សភា ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី ឲ្យ​ខេត្ត​មានលទ្ធភាព​ពេញលេញ​ក្នុងការ​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​របស់​ប្រទេសជាតិ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close