ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ លើ​កំពូល​ប្រាសាទអង្គរវត្ត មិនមែន​ជាការ​ចៃដន្យ​នោះទេ

​ខេត្តសៀមរាប​៖ បើតាម​ការ​អោយដឹងរ​ប​ស់លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​លើ​កំពូល​ប្រាសាទអង្គរវត្ត​នេះ​មិនមែនជា​រឿង​ធម្មតា និង ជាការ​ចៃដន្យ​នោះទេ គឺជា​ការ​គន់គូរ​រប​ស់​ស្ថាបត្យករ វិស្វករ និង​តារាសាស្ត្រ​យ៉ាង​ល្អិតល្អន់ ហើយ​បង្កើតជា​សំណង់​មួយ​ដ៏​អច្ឆរិយ ដែល​យើង​ស្គាល់​ថា​ជា​អង្គរវត្ត ដែលមាន​ផ្នែក​មួយ​ដ៏​សំខាន់​គឺ​ដំណើរ​គោចរ​របស់​ព្រះអាទិត្យ និង​ព្រះ​ចន្ទ ហើយ​ទូទៅ​ជា​រៀងរាល់ឆ្នាំ​តែងតែមាន​ព្រឹត្តិការណ៍​ថ្ងៃ​និង​យប់​មាន​ពេល​ស្មើគ្នា ហេតុនេះ​ស្ថាបត្យករ វិស្វករ និង​តារាសាស្ត្រ​បុរាណ​ខ្មែរ​យើង​វិភាគ​យក​ពេលនេះ​ជា​ពេល​សេរី​សួស្ដី​មាន​មង្គល និង​កសាង​ប្រាសាទអង្គរវត្ត​ឲ្យ​ចំ​ព្រឹត្តិការណ៍​នេះ​តែម្ដង ហើយ​ព្រឹត្តិការណ៍​នេះ​មាន​រយៈពេល​ខ្លី​ណាស់​ត្រឹមតែ​២ ទៅ ៥​នាទី​ប៉ុ​ន្នោះ ដោយសារតែ​ផែនដី​វិលជុំ​ព្រះអាទិត្យ​។​

​លោក អ៊ឹម សុខ​រិទ្ធី មានប្រសាសន៍​ទៀតថា ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត ឆ្នាំ​២០២០​នេះ កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ដែល​ត្រូវបាន​គេ​ហៅថា សម​រាត្រី ហើយ​ចំពោះ​ព្រឹត្តិការណ៍​នេះ​មានការ​ចាប់អារម្មណ៍​ពី​បរទេស​ច្រើនជាង​ប្រជាជន​កម្ពុជា ដែល​យើង​ទើបតែ​ដឹងឮ​នៅក្នុង​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ចុង​ក្រោយនេះ ។​

​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​នេះដែរ មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ជប៉ុន លោក ជួន ឈឿ បា​នើ​ក​ឡើង​ថា ប្រាសាទអង្គរវត្ត ជា​សំណង់​មួយ​ដ៏​អច្ឆរិយ​នៅលើ​ពិភពលោក ដែល​ជាការ​គន់គូរ​រ​បស់​ស្ថាបត្យករ វិស្វករ និង​តារាសាស្ត្រ​របស់​ដូនតា​ខ្មែរ​យើង​យ៉ាង​ល្អិតល្អន់ ដែល​ភ្ញៀវទេសចរ​អន្តរជាតិ​តែងតែ​ចង់ដឹង​នូវ​ចំណុច​ពិសេស​ដែល​ពាក់ព័ន្ធ​ទៅនឹង​គន្លង​ព្រះអាទិត្យ​និង​ផែនដី ហើយ​ជា​រៀងរាល់ឆ្នាំ​តែងតែមាន​ភ្ញៀវទេសចរ​ជាច្រើន​ឈរ​នៅ​ពីមុខ​ប្រាសាទ​រហូតដល់​មុខ​រានហាល ដែល​ព្រះអាទិត្យ​រះ​ត្រង់​ចំ​ចំណុចកំពូល​កណ្ដាល​នៃ​ប្រាសាទ និង​មាន​ភាពស្រស់ស្អាត​អស្ចារ្យ​ខ្លាំងណាស់ ។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​ដ៏​អច្ឆរិយ​នេះ តែង​កើតមានឡើង​ចំនួន​ពីរដង​ក្នុង​មួយឆ្នាំ ដោយ​លើកទីមួយ​កើតឡើង​នៅ​អំឡុង​ខែមីនា និង​លើក​ទី​ពីរ​កើតឡើង​នៅ​អំឡុង​ខែកញ្ញា ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close