អង់គ្លេស គ្រោង​បិទ​ប្រទេស​ជា​លើក​ទី​២ ខណៈ​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្លាំង​

អង់គ្លេស​៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បញ្ជាក់ថា អង់គ្លេស​គ្រោង​បិទ​ខ្ទប់​ប្រទេស​ជា​លើក​ទី​២ ខណៈដែល​ហាង​លក់​ស្រា ក្លឹប​កំសាន្ត ភោ​ជ នី​យ​ដ្ឋា​ន និង​កន្លែង​បដិសណ្ឋារកិច្ច​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស ក៏​នឹងត្រូវ​បង្ខំ​ឱ្យ​បិទទ្វារ​គិត​ចាប់ពី​ម៉ោង​១០​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​តទៅ ដើម្បី​ទប់ស្កាត់​រលក​ទី​២​នៃ​ការចម្លង​វីរុស COVID-19 នេះ​បើតាម​សារព័ត៌មាន CGTN នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​។​

​ជាមួយនឹង​ករណី​ឆ្លង​ប្រចាំថ្ងៃ​ក្នុង​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ខែឧសភា​មក​នោះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ា​ត ហ៊ែ​ន​ខុ​ក បាន​បញ្ជាក់ថា ការ​រឹតត្បិត​ជាទូទៅ​អាច​នឹង​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​ឡើងវិញ ក្នុងនោះ​រួមមាន​៖ ការកំណត់​កម្រិត​ការប្រមូល​ផ្តុំគ្នា​ត្រឹមតែ​មនុស្ស​៦​នាក់ ហើយ​អ្នក​ដែល​ល​មិន​គោរព​បទបញ្ជា​នេះ​អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​១​ម៉ឺន​២​ពាន់​ដុល្លារ ។ ច្បាប់​ថ្មី​នេះ តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក បើសិន​មាន​នរណាម្នាក់​ត្រូវបានធ្វើ​តេ​ស្តិ៍​វិជ្ជមាន COVID-19 ដោយ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ​តទៅ​។​

​សូម​រំលឹកថា អាជ្ញាធរ​អង់គ្លេស​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចំនួន​៣​ពាន់​៨៩៩ នាក់​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៤​ពាន់​២២២​នាក់​កាលពី​ថ្ងៃ​សៅរ៍ ដែល​បង្ក​ការព្រួយបារម្ភ​ខ្លាំង​ឡើង​ថា អង់គ្លេស​អាច​នឹងមាន​ករណី​ឆ្លង​ច្រើន​ឡើងវិញ​ដូច​ប្រទេស​អេ​ស្ប៉ា​ញ និង​បារាំង ដែល​កំពុង​ជួប​រលក​ទី​២​នៃ​ផ្ទុះ​ជម្ងឺ COVID-19៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close