ឯកឧត្តម វេ​ង សាខុន អនុ​ញ្ញា​ត្តិ​ជួប​លោកស្រី​អនុប្រធាន​អង្គការ​JiCA​ប្រចាំ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅវេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោកស្រី MIYAHARA Ai ជា​អនុប្រធាន​អង្គការ JICA ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ដើម្បី​សម្តែង​ការគួរសម និង​រាយការណ៍​។

​ក្នុងនាម​រាជ​រដ្ឋា​ភិល និង​ក្រសួង ឯកឧត្តម​រដ្ឋមន្ត្រី​តាមរយ​:​លោកស្រី បាន​ថ្លែងអំណរគុណ​ជូន ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយ​:​អង្គការ JICA ដែល​បាន​ជួយ​កសាង និង​អភិវឌ្ឍ​កម្ពុជា​រហូតមកទល់​ប​ច្ចុ​ប្បន្ន ក្នុងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដែល​ជួយ​ដល់​ការ​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ ហើយ​ជាពិសេស​នោះ​គឺ​វិស័យ​កសិកម្ម​ផងដែរ​មាន​ជាអាទិ៍​៖ ការជួយ​រៀបចំ​ប្រព័ន្ធ​ព័ត៌មាន និង​យុទ្ធសាស្ត្រ​ទីផ្សារ ការបង្កើន​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​ដល់​អ្នក​ផលិត ឬ​សហគមន៍ បច្ចេកទេស​ក្រោយពេល​ប្រមូល​ផល ការគ្រប់គ្រង​គុណភាព​លើ​ប្រព័ន្ធ​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ប្រព័ន្ធ​ទីផ្សារ​បោះ ឬ​លក់ដុំ និង​ជាពិសេស​សមត្ថភាព​មន្ទី​រ​ពិសោធន៍ មន្ទីរពិសោធន៍​គុណភាព និង​សុវត្ថិភាព​បន្លែ ហើយ​ថ្មីៗ​នេះ​ជួយ​សហការ​ជាមួយ​ក្រុមហ៊ុន Yamato Green ចុះ MOU ជាមួយ​ក្រសួង​ដើម្បី​ជួយ​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា​ទាំងអស់នេះ វា​បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ធានាបាន​នូវ​សន្តិសុខ​ស្បៀង កែប្រែ​កម្រិតជីវភាព បង្កើន​បរិមាណ​ផលិត ក្នុងនោះ​មាន​វារីវប្បកម្ម សាកវប្បកម្ម ការចិញ្ចឹម​សត្វ និង​ដំណាំ​ស្រូវ​។

​លើសពីនេះ វិស័យ​កសិកម្ម​កំពុងតែ​ពង្រីក​សក្តានុពល​ផលិត​តាមរយ​:​ការធ្វើ​ទំនើបកម្ម​កសិកម្ម ដោយ​ប​ច្ចូល​នូវ​បច្ចេកវិទ្យា​សមស្រប ធន​នឹង​ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍ សំដៅ​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង ២០៥០ និង​ជាពិសេស​ឈាន​ជា​ជំហានៗ ឆ្ពោះ​ទៅជា​ប្រទេស​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

​នាឱកាស​នេះ ក្នុងនាម​ឲ្យ​អង្គការ JICA លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាតឱ្យ​ក្រុមការងារ​ចូលជួប និង​រាយការណ៍​ជួន​ជ្រាប​ដោយ សង្ខេប​អំពី​លទ្ធផល​បឋម​នៃ​ការអនុវត្ត​គម្រោង​ចំនួន​៣ គឺ​ទី​១ គម្រោង​ស្តីពី “​ការផលិត​ពូជស្រូវ​” ដែល​សហការ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម គម្រោង​ទី​២ ៖ “​ការប្រើប្រាស់ និង​ការគ្រប់គ្រង​ថ្នាំ​សម្លាប់​សត្វល្អិត​” និង​គម្រោង​ទី​៣ “​ការការពារ និង​អភិរក្ស​បរិស្ថាន​” ដែល​សហការ​អនុវត្ត​ជាមួយ​ក្រសួងបរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​។ លោកស្រី​បាន​ជម្រាបជូន​ថា គម្រោង​ទាំង​៣ នឹង​ចាប់ដំណើរការ​នៅ​តុលា ខាងមុខនេះ ហើយ​មាន​ក្តី​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការគាំទ្រ​លើ​ការអនុវត្ត​គម្រោង​ទាំង​៣ ព្រោះ​នឹង​បាន​ចូល រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​ពេលអនាគត​យ៉ាងខ្លី ជាពិសេស​ចូលរួម​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។ លោក​បានបញ្ជាក់​បន្ថែម​ថា នេះ​គឺជា​គម្រោង​ដែល​ក្រសួង​ចង់បាន​ដើម្បី​លើកកម្ពស់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម បង្កើន​ផលិតកម្ម និង​ធានា​គុណភាព​ពូជ​សុទ្ធ និង​រក្សា ការពារ​ព្រៃឈើ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម រដ្ឋបាល​ព្រៃឈើ និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​សហការគ្នា​អនុវត្ត​គម្រោង​ខាងលើ​ឲ្យ​សម្រេច​ទទួលបាន​លទ្ធផល​ល្អ​ដូច​ការរំពឹងទុក​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close