ឯកឧត្ដម ស៊ុន ចាន់ថុល ដឹកនាំ​គណៈប្រតិភូ​ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវទាំង៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប​

ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង និង​ប្រព័ន្ធ​លូទឹកស្អុយ​ក្នុង​ក្រុង​សៀមរាប ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មន្ត្រី​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ការ​ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់ ក៏ដូចជា​ប្រមូល​ធាតុ​ចូល​បន្ថែម ទាក់ទង​នឹង​ស្ថានភាព​ផ្លូវថ្នល់​នាពេល​បច្ចុប្បន្ន នៅក្នុង​ក្រុង​សៀមរាប សម្រាប់​ការត្រៀម​រៀបចំ ចូលរួម​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ នៅ​ទីក្រុង​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ដឹកនាំ​គណៈប្រតិភូ រត់ ហាត់ប្រាណ ដើម្បី បង្ហា​ពី​ការចូលរួម លើកកម្ពស់ វិស័យ​កីឡា បង្កើន​សាមគ្គីភាព ព្រមទាំង​ត្រួតពិនិត្យ​ផ្លូវ​នៅតាម​តំបន់​ប្រាសាទ​អង្គ​វត្ត​ផងដែរ​។​

​សូមជម្រាបថា កាលពី​ថ្មីៗ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​ពី​១០០ ទៅ​១៥០ លាន​ដុល្លារ​អាមេរិក សម្រាប់ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ចំនួន​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ និង​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ​១៩៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close