ចិន រកឃើញមានវីរុសកូវីដ១៩ នៅលើកញ្ចប់វេចខ្ចប់ អាហារសមុទ្រ

ចិន៖ សារព័ត៌មាន Channelnewsasia បានចេញផ្សាយថា ថ្មីៗនេះ មន្ត្រីសុខាភិបាលចិនបានប្រកាសពីការរកឃើញវីរុសកូវីដ១៩នៅលើកញ្ចប់វេចខ្ចប់ត្រីមឹក និងគ្រឿងសមុទ្រចរាចរណ៍ក្នុងទីផ្សារនៃខេត្ត Jilin ហើយទទូចដល់អ្នកទិញបង្កើនការប្រុងប្រយ័ត្ន។
ប្រភពបន្ថែមទៀតថា កញ្ចប់វេចខ្ចប់នេះត្រូវបាននាំចូលពីរុស្ស៊ី ហើយអាជ្ញាធរចិនក៏ដាក់ចេញបំរាមនាំចូលអាហារនេះ រយៈពេល១ខែ ដើម្បីតាមដានបន្តផងដែរ។ ប្រភពបញ្ជាក់ថា កញ្ចប់ត្រីមឹកមួយក្នុងចំណោមកញ្ចប់ជាច្រើន គ្មានសុវត្ថិភាព និងមានវិជ្ជមានមេរោគកូវីដ១៩។ អ្នកជំនាញបានស្នើឱ្យអ្នកទិញ និងអ្នកបរិភោគអាហារវេចខ្ចប់នៅក្នុងស្រុក រាយការណ៍ទៅក្រុមអាជ្ញាធរ និងធ្វើតេស្តិ៍រកវីរុស។
យ៉ាងណាក៏ដោយ កាលពីខែមុន អាជ្ញាធរនៅទីក្រុងចំនួន២នៅចិនក៏ធ្លាប់និយាយថាមានការរកឃើញវីរុសកូវីដ១៩នេះនៅលើទំនិញជាអាហារក្លាសេដែលនាំចូល។ តែត្រូវបានអង្គការសុខភាពពិភពលោកច្រានចោលថា ពុំទាន់មានភស្តុតាងណាមួយនៃជំងឺឆ្លងកូវីដ១៩បានឆ្លងរាលដាលតាមរយៈអាហារនោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។