ការផ្លាស់ប្តូរតួនាទី និងភារកិច្ច គឺជាលក្ខខណ្ឌដ៏ចាំបាច់ ក្នុងក្របខណ្ឌមន្ត្រីរាជការ

ភ្នំពេញ៖ ការផ្លាស់ប្តូរតួនាទី និងភារកិច្ចគឺជាលក្ខខណ្ឌដ៏ចាំបាច់ ក្នុងក្របខណ្ឌមន្ត្រីរាជការ ដើម្បីលើក កម្ពស់គុណភាព និងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងការងារក្នុងស្ថាប័នមួយ” នេះជាប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួង និងក្នុងនាមខ្លួនលោកផ្ទាល់ លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគិតគូ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងឯកភាពតាមសំណើរបស់ក្រសួងដើម្បីតែងតាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមួយចំនួនទៀតក្នុងបំណងចូលរួមអភិវឌ្ឍវិស័យកសិកម្ម តាមរយ:ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងការងារនៅតាមអង្គភាពជំនាញនីមួយៗឲ្យកាន់តែល្អប្រសើរឡើង។
ឆ្លៀតយកឱកាសនៃការជួបជុំមហាគ្រួសារកសិកម្មនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយអង្គពិធីិអំពីបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច និងជាពិសេសស្ថានភាពជារួមនៃសកម្មភាពបង្កបង្កើនផលនៅទូទាំងប្រទេស និងលទ្ធផលនៃការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោស្តីពី “ការជំរុញឲ្យប្រជាពលរដ្ឋឲ្យខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមត្រី-កង្កែបជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាម័ញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩”។
ឆ្លងចូលកម្មវិធីតែងតាំង ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបច្បាស់ថាការកសាងស្ថាប័ន រដ្ឋឲ្យមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ទាមទារចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅលើធនធានមនុស្ស សំដៅលើកកម្ពស់សមត្ថភាព ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និងពង្រឹងអភិបាលកិច្ច ហើយការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ឈានទៅធ្វើការប្រកួតប្រជែងជាលក្ខណអន្តរជាតិ ពិសេសក្នុងពេលដែលកម្ពុជាឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។