ឯកឧត្តម សាយ សំ​អាល់ នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អឺរ៉ុប ស្តីពី​ការគ្រប់គ្រង​សំណល់ តាម​ប្រព័ន្ធ​អន​ឡាញ

​ភ្នំពេ​ញ​៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា​នឹងចូលរួម​ធ្វើ​បទ​អន្តរាគមន៍​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​ស្តីពី​ការគ្រប់គ្រង​សំណល់ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ​។  ​នៅក្នុង​ឱកាស​អនុញ្ញាត​ទទួល​ជួប លោក Daniel Schmucking ប្រធាន​ប្រចាំ​ប្រទេស​អង្គការ KONRAD ADENAUER កាលពី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នឹងធ្វើ​បទ​អន្តរាគមន៍ ស្តីពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គ្រប់គ្រង​សំណល់ តាមរយៈ​វីដេអូ Conference ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប និង​ប្រទេស​ផ្សេងទៀត រួមជាមួយ​ផ្នែក​ឯកជ​ន និង​អង្គការ​សង្គម​ស៊ីវិល នៅក្នុង​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​ស្តីពី​ការគ្រប់គ្រង​សំណល់ ដែល​រៀបចំឡើង​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អឺរ៉ុប​ស្តីពី​ការគ្រប់គ្រង​សំណល់ នឹង​រៀបចំឡើង​ក្នុងពេល​ជាមួយគ្នា​ផងដែរ​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អង្គការ KONRAD ADENAUER សហការ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា អង្គការ​GIZ និង​ដៃគូ​មួយចំនួនទៀត ដើម្បី​ពង្រឹង​ការចូលរួម​ពី​ផ្នែក​ឯកជន​ចំពោះ​ការប្រតិបត្តិ​មេត្រីភាព​បរិស្ថាន ជា​ពិ​សេ​ការគ្រប់គ្រង​សំរាម និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ដើម្បី​គ្រប់គ្រង​សំណល់​-​សំរាម​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​លេខ​១១៣ សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព សំដៅ​ធានាបាន​នូវ​សោ​ភណ្ឌ​ភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង​បរិស្ថាន​។​

​ក្នុងឱកាស​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក​បណ្ឌិត Daniel Schmucking បាន​ពិភាក្សា​ការងារ​បន្ថែមទៀត​លើ​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្តុះបណ្តាល​ស្តីពី​អភិបាលកិច្ច​ល្អ និង​ការគ្រប់គ្រង​សំណល់​នៅតាម​ទីប្រជុំជន ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ដែល​កន្លងមក​ក្រសួងបរិស្ថាន បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​បន្តបន្ទាប់​ក្នុង​គោលបំណង​ផ្តល់​ការគាំទ្រ​បច្ចេកទេស គោលការណ៍​ណែនាំ ការធ្វើ​បទ​អន្តរាគមន៍ និង​ការអភិវឌ្ឍ​សមត្ថភាព​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​ចូលរួម​អនុវត្ត​មុខងារ​គ្រប់គ្រង​បរិស្ថាន​នៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ការគ្រប់គ្រង​សំរាម សំណល់​រឹង​សំរាម​តាម​ទីប្រជុំជន និង​ការអភិរក្ស​ជីវៈចម្រុះ​ឱ្យមាន​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់ថា ក្នុង​គោលដៅ​ពង្រឹង​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន​បាន​ផ្ទេរ​មុខងារ​សំខាន់ៗ​ចំនួន​៥​ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ រួមមាន​៖ ការគ្រប់គ្រង​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ការគ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ ការងារ​គាំពារ​បរិស្ថាន ការងារ​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន និង​ការងារ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។​

​បន្ថែម​ពីនេះ ការលើកកម្ពស់​ការយ​ល់​ដឹង​សាធារណៈ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន ឯកឧត្តម សាយ សំ​អាល់ បាន​ស្នើឱ្យ​អង្គការ KONRAD ADENAUER សម្របសម្រួល​ជាមួយ​ទូរទស្សន៍​អាល្លឺម៉ង់​DW ដើម្បី​សហការ​ផ្សព្វផ្សាយ​ឯកសារ​ទាក់ទង​នឹង​ការអប់រំ​បរិស្ថាន​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close