ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំ ២០១៧ ស្រស់ស្អាត យករចនាបថខ្លោងទ្វារប្រាសាទបុរាណ
ក្រុមការងារអង្គរសង្ក្រាន្តបានបង្ហាញរូបរាងខ្លោងទ្វារអង្គរសង្ក្រាន្តដែលបានអះអាងថា ខ្លោងទ្វារនេះបានយកតាមរចនាបថខ្លោងទ្វារប្រាសាទបុរាណខ្មែរ។ ការបង្ហាញអំពីប្លង់ខ្លោងទ្វារអង្គរសង្ក្រាន្ត កាលពីព្រឹកមិញនេះ ព្រោះតែមិនចង់ជាន់ដានចាស់កាលពីឆ្នាំ ២០១៥ ដែលខ្លោងទ្វារអង្គរសង្ក្រាន្តរងការរិះគន់ខ្លាំងៗពីសាធារណៈមតិថា បានយករចនាបថពីបរទេសច្រើនជាងខ្មែរ។
លោក សំហេង បុរស អនុប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចប់វេទិកា”ស្វែងយល់អំពីទិដ្ឋភាពនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧” នៅសាលពហុបំណងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ កាលពីព្រឹកមិញនេះថា វេទិកានេះគោលបំណងសំខាន់ចង់កៀរគរយុវជនទាំងអស់ ឲ្យយល់អំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និង ស្វែងយល់អំពីកម្មវិធីនានារបស់អង្គរសង្ក្រាន្តឆ្នាំ ២០១៧។ មួយទៀតវេទិកានេះ ក៏ចង់ឲ្យប្រជាពលរដ្ឋទាំងមូលបានដឹងអំពីប្លង់ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំ មុននឹងចាប់ផ្ដើមសាងសង់ផ្លូវការនៅពេលខាងមុខ។ “អីចឹង!ឆ្នាំនេះអត់ឲ្យហួសពេលទេ ឆ្នាំនេះយើងនឹងស្នើសុំយោបល់ពួកគាត់មុន”។
កាលពីឆ្នាំ ២០១៥ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសបុក បានរិះគន់ខ្លាំងៗ នៅពេលបានឃើញរូបរាងខ្លោងទ្វារអង្គរសង្ក្រាន្តថា រូបរាងនោះដូចរចនាបថបរទេស ដូច្នេះហើយកំហឹងជាតិនិយមបានឈានដល់ដុតខ្លោងទ្វារនោះផងដែរ។ ប៉ុន្តែ ភ្លាមៗក្រុមការងារអង្គរសង្ក្រាន្តបានចេញប្លង់ថ្មី នៃខ្លោងទ្វារអង្គរសង្ក្រាន្ត បានរំងាប់ចិត្តមហាជន និង សាទរជាច្រើនឡើងវិញ។
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និង សិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិយាយដែរថា មហាជនប្រតិកម្មចំពោះខ្លោងទ្វារអង្គរសង្ក្រាន្តកាលពី ២ឆ្នាំមុននោះ គឺមិនមានការសហការជាមួយនឹងក្រសួងវប្បធម៌។ ប៉ុន្តែឆ្នាំ ២០១៦-១០១៧ នេះ ខ្លោងទ្វារថ្មី គឺមានគណៈកម្មការចម្រុះ ដោយខាងសហភាពសហព័ន្ធយុវជន សហការជាមួយក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានសិល្បៈសូនរូប បានរចនាបថខ្លោងទ្វារមានលក្ខណៈដូចខ្លោងទ្វារប្រាសាទបុរាណ។
លោក សុធី បានធ្វើបទបង្ហាញមួយទៅកាន់យុវវ័យរាប់រយនាក់ ដែលបានចូលរួមវេទិកាព្រឹកមិញនេះថា ក្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំ ២០១៧ បានប្រើប្រាស់រចនាបថជាខ្មែរ ដោយបានដកស្រង់ក្បាច់ជាច្រើន ដូចជា៖
១. ក្បាច់ត្របកឈូកអង្គរ
២. ក្បាច់ចកអង្គរ
៣. ក្បាច់ចង្វាយអង្គរ
៤. ក្បាច់ពងត្រី
៥. ក្បាច់អង្គរសន្លឹកទម្រង់ហានបំបែក
៦. ព្ធរ៉ា
៧. កូនក្រឡឹងកំពូលពេជ្រ រឺកំពូលមិត
៨. ក្បាច់ហោជាង
យ៉ាងណាក៏ដោយ លោក ឈឹម សុធី បានលើកឡើងថា ក្រោយពីវេទិកានេះ ក្រុមការងារអង្គរសង្ក្រាន្តនឹងបង្ហោះរូបខ្លោងទ្វារទៅកាន់បណ្ដាញសង្គម ដើម្បីរង់ចាំមតិរិះគន់ក្នុងន័យស្ថាបនា ប្រសិនបើពុំមានអ្វីខុសឆ្គងទេ នោះក្រុមការងារនឹងសម្រេចយកគំរូនោះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។