អាជ្ញាធរស្រុកបន្ទាយស្រី សាកល្បងឡដុតសំរាមរួមរបស់ស្រុក ជាលើកដំបូង

ខេត្តសៀមរាប៖ សំរាមជាច្រើនតោន មកពីគ្រប់ទិសទី នៅក្នុងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ដែលបានកកស្ទះ សេសសល់រាយប៉ាយនៅតាមទីសាធារណៈ នៅក្នុងភូមិ និងតាមដងផ្លូវនានាជាយូរមកហើយ ជាពិសេសសំរាមថ្មី ដែលបានបន្សល់ទុកក្រោយថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រមូលយកមកដុតជាលើកទីមួយ នៅក្នុងទីលានឡដុតសំរាមថ្នាក់ស្រុក ដែលទើបតែបានតម្លើងរួចកាលពីពេលថ្មីៗនេះ នៅក្នុងឃុំរំចេក ក្រោយពីបានហាលសម្ងួត និងញែកយកសំរាមដែលអាចលក់អេតចាយ និងអាចកែច្នៃបានរួចមក។

បើតាមហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់ នៅក្នុងស្រុកបន្ទាយស្រី អាចជញ្ជូនយកសំរាមប្រចាំថ្ងៃរបស់ខ្លួន ទៅដាក់ដោយខ្លួនឯងនៅ ”កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន” ដែលត្រូវបានរៀបចំរួចជាស្រេចជាច្រើនកន្លែង នៅតាមភូមិរបស់ខ្លួននីមួយៗ។
សេវានេះ គឺជាសេវាមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ តែតម្រូវឱ្យមានការញែកសំរាម និងវេចខ្ចប់ត្រឹមត្រូវមុននឹងយកមករក្សាទុក រង់ចាំក្រុមការងាររបស់ឃុំ និងស្រុក ធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។
ជាមួយនឹងយន្តការថ្មីនេះ បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន រឺដឹកយកទៅចាក់ចោលតាមដីទំនេរជាអនាធិបតេយ្យទៀតទេ។ នៅក្រោយពេលដែលយន្តការថ្មីនេះដំណើរការទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពនិងគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។