តើ​ទៅរួច​ទេ​? បើ​លោក​ត្រាំ មិន​ព្រម​ចុះ​ចេញពី​តំណែង​ពេល​ចាញ់ឆ្នោត​

​ការបោះឆ្នោត​កាត់​តែ​ខិតជិត ក្តីបារម្ភ​ពិការ​មិន​ព្រម​ចុះ​ចេញពី​អំណាច​របស់ លោក​ត្រាំ​កាន់តែ​កើនឡើង​ខ្ពស់ ។ ការ​ស្ទង​មតិ នាពេល​កន្លងមក បង្ហាញ​ឲ្យ​ឃើញថា​លោក​ត្រាំ ចាញ់​ប្រៀប​បេក្ខភាព​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក​ចូ​បៃ​ឌិន​។​

​តាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែកញ្ញា ថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ជាថ្មី​ម្ដងទៀត​នៅតែ​ប្រកាន់​ជំហរ​ដដែល ដោយ​មិនបាន​សន្យា​ឡើយ​ថា នឹង​ផ្ទេរអំណាច​ដោយ​សន្តិវិធី ដែល​ប្រការនេះ​កំពុង​បង្កឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​ថា លោក​អាច​នឹង​ក្រាញននាល​មិន​ព្រម​ចុះ​ចេញពី​តំណែង នៅពេល​ចាញ់​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា​ខាងមុខ​។ ឆ្នាំ​២០២០​។​

​ការលើកឡើង​បែបនេះ​របស់លោក ត្រាំ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​សេត​វិមាន នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ និង​ជាការ​ឆ្លើយតប​ទៅនឹង​សំនួរ​អ្នក​ដែល​សួរថា តើ​លោក​នឹង​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ដែរឬទេ ប្រសិនបើ​លោក​ចាញ់​លោក ចូ បៃ​ដិ​ន នៅក្នុង​ការបោះឆ្នោត​? លោក ត្រាំ បាន​គូសបញ្ជាក់​តប​វិញ​យ៉ាង​ដូច្នេះ​ថា «​យើង​នឹង​បានឃើញ នូវ​អ្វីដែល​នឹង​កើតឡើង​។ អ្នក​ទាំងអស់គ្នា​បានដឹងហើយថា ខ្ញុំ​ជំទាស់​យ៉ាងខ្លាំង​នឹង​ការបោះឆ្នោត​តាម​ប្រៃសនីយ៍ ហើយ​ការបោះឆ្នោត​បែបនេះ នឹង​នាំឱ្យ​មានការ​ក្លែងបន្លំ​សន្លឹកឆ្នោត​»​។​

​តាម​ការស្ទង់មតិ​ជាច្រើន បច្ចុប្បន្ន​លោក ចូ បៃ​ដិ​ន បាននិងកំពុង​នាំមុខ​លោក ដូ​ណា​ល់ ត្រាំ ដោយមាន​ឱកាស​ខ្ពស់​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ខណៈ​លោក ត្រាំ កំពុង​រង​ការរិះគន់​កាន់តែខ្លាំង ជុំវិញ​ការដោះស្រាយ​វិបត្តិ COVID-19 ដែល​ផ្ដាច់ជីវិត​ប្រជាជន​អាមេរិក​ច្រើនជាង ២​សែន​នាក់​។ ទោះជា​បែបនេះ​ក្តី អ្នកជំនាញ​មួយចំនួន​យល់ថា ចង់​ផ្ដួល​ប្រធានាធិបតី​អាមេរិក​ម្នាក់​កំពុងកាន់​អំណាច គឺ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ខណៈដែល​លោក ត្រាំ ក៏​កំពុង​រិះរក​វិធី​ក្នុង​ការបង្កើន​ប្រជាប្រិយភាព​ខ្លួនឯង​ផងដែរ ក្នុងនោះ​មានដូចជា​ការអភិវឌ្ឍ​វ៉ាក់សាំង COVID-19 ឲ្យ​ទាន់ពេល និង​ជាពិសេស​នោះ​គឺ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close